ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺCovid-19 ប្រកបដោយប្រសិទ្ធភាពខ្ពស់យ៉ាងណា ប៉ុន្តែការទទួលរងនូវផលប៉ះពាល់អវិជ្ជមាននៅតែបន្តមាន។ ប្រការនេះ រាជរដ្ឋាភិបាល បានធ្វើការណែនាំពីវិធានការន្ថែមដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺ Covid-19 ជុំទី៦។

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការណែនាំអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺ Covid-19 (ជុំទី៦)។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ការខិតខំអភិវឌ្ឍវ៉ាក់សាំងបង្ការកំពុងមានវឌ្ឍនភាពល្អគួរជាទីសង្ឃឹម ប៉ុន្តែគ្មាននរណាដឹងថា ពេលណាវិបត្តិនៃជំងឺ Covid-19 នេះ នឹងបញ្ចប់ហើយក៏គ្មាននរណាអាចទស្សន៍ទាយ អំពីផល ប៉ះពាល់មកលើគ្រប់ទិដ្ឋភាព នៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ បានជាក់ច្បាស់នោះដែរ ។
នៅកម្ពុជា វិបត្តិនៃជំងឺ Covid-19 នៅតែបន្តបង្កនូវផលប៉ះពាល់ អវិជ្ជមានមកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ទោះបីជារាជរដ្ឋា-ភិបាល បាននិងកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ប្រកបដោយប្រសិទ្ធភាពក៏ដោយ។
ក្រោមស្មារតីបុរេសកម្ម និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ប្រជាជន, វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា វិធានការចំនួន០៥ ជុំត្រូវបានដាក់ចេញ និងបានផ្តល់លទ្ធផលវិជ្ជមានដូចដែលបានព្រាងទុក។ ជាក់ស្តែង, លំនឹងជីវភាពរបស់ប្រជាជន ក៏ដូចជាសកម្មភាពផលិតកម្ម និងអាជីវកម្មក្នុងវិស័យដែលបានរងផលប៉ះពាល់ ក៏ចាប់ផ្តើមមានស្ថិរភាព និងប្រតិបត្តិការឡើងវិញ។

ទោះបីជាយ៉ាងនេះក្ដី, វិស័យសំខាន់ៗមួយចំនួនរួមមានដូចជា៖ វិស័យកាត់ដេរ-វាយនភណ្ឌ, វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ជាដើមនៅតែរងផលប៉ះពាល់ ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺ Covid-19 នេះ ។ ស្របពេលនេះដែរ, គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនក៏នៅកំពុងបន្តប្រឈមនឹងបញ្ហាលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ស្ថិតក្នុងបរិការណ៍នេះ, ដោយពិនិត្យ និងថ្លឹងថ្លែងលើទិដ្ឋភាពនៃការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងសង្គម, ទាំងក្នុងក្របខ័ណ្ឌសកលលោក, តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែម ជុំទី ៦ ក្នុងគោលបំណង៖ (១). បន្តទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិ និង (២). បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់៕






