ដោយ.៖ វុត្ថា
ភ្នំពេញ៖ កម្ពុជាបាននឹងកំពុងធ្វើពិពិធកម្មទីផ្សារអន្តរជាតិបន្ថែមទៀត ក្នុងការនាំចេញនូវផលិតផលសំខាន់ៗ របស់ខ្លួន និងធ្វើឱ្យមានលំហូរពាណិជ្ជកម្មកើនឡើង និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិនៃជំងឺ Covid-19 ដែលមានលក្ខណៈមិនប្រកដប្រជានាពេលខាងមុខ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ថា កន្លងមកនេះ កម្ពុជាបានសមាហរណកម្មទីផ្សារនៅក្នុងតំបន់ និងពិភពលោកតាមរយៈការចូលជាសមាជិកក្នុងអង្គការពាណិជ្ជកម្មពិភពលោកដែលមានសិទ្ធិក្នុងការជជែកវែកញែក លើបញ្ហាពាណិជ្ជកម្ម និងវិនិយោគ។
លោកបន្តថា ជាមួយគ្នានេះកម្ពុជាក៏មានសិទ្ធិអនុវត្តទៅលើផែនការការធ្វើពាណិជ្ជកម្មនៅក្នុងពិភពលោក ដោយស្មើភាពជាមួយនឹងបណ្តាប្រទេសនានាផងដែរ ។ នេះ គឺជាអ្វីដែលកម្ពុជាទទួលបាននាពេលកន្លងមកនេះ ដែលទន្ទឹមគ្នានេះដែរកម្ពុជាក៏បានធ្វើសមាហរណកម្មទីផ្សារនៅក្នុងតំបន់អាស៊ានផងដែរ ។
លោកបន្ថែមថា “នៅក្នុងគោលដៅធ្វើពិពិធកម្មទីផ្សារអន្តរជាតិនាពេលបច្ចុប្បន្ន កម្ពុជា បានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងបើកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយនឹងកូរ៉េ និងសិក្សាពីលទ្ធភាពចរចាជាមួយនឹងម៉ុងហ្គោលី និងត្រៀមចរចាជាមួយនឹងប្រទេសចំនួន ៥ ទៀត នៅក្នុងសហភាពអឺរ៉ុប” ។
លោកបញ្ជាក់ទៀតថា “ទាំងអស់នេះ ហើយដែលកម្ពុជាកំពុងធ្វើពិពិធកម្មទីផ្សាររបស់ខ្លួនទៅក្នុងឆាកអន្តរជាតិ ដូច្នេះ ក្នុងនាមក្រសួងពាណិជ្ជកម្ម ត្រូវធ្វើពិពិធកម្មទីផ្សារអន្តរជាតិតាមដែលអាចធ្វើទៅបាន។ ក្នុងន័យសំដៅដល់ផលិតផលណាដែលយើងអាចនាំចេញទៅរួចហើយ និងបន្តសំឡឹងមើលផលិតផលណាដែលអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត” ។
លោកបញ្ជាក់ “កម្ពុជា ត្រូវបានគេចាត់ទុកជាប្រទេសដែលមានចំណូលទាប ហើយទទួលនូវអនុគ្រោះពន្ធ តែនៅពេលដែលយើងឈានដល់ប្រទេសចំណូលធម្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ វានឹងបាត់ហើយអនុគ្រោះពន្ធនេះ ។ អ៊ីចឹងយើងត្រូវធ្វើម៉ិច? យើងត្រូវពង្រីកទីផ្សារបន្ថែម ដែលគោលការណ៍របស់ក្រសួងគឺ រក្សាទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី” ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការធ្វើពិពិធកម្មទីផ្សារអន្តរជាតិរបស់កម្ពុជា នាពេលនេះ គឺតបទៅនឹង ផែនការរបស់ប្រមុខនៃរាជរដ្ឋាភិបាល គឺពង្រឹកខាងក្នុង និងពង្រីកខាងក្រៅ មិនមែនត្រឹមពាណិជ្ជកម្ម និងវិនិយោគនោះទេ តែថែមទាំងនយោបាយផងដែរ។
លោកឧកញ៉ាបន្តថា សកម្មភាពនៃការពង្រីកទីផ្សារអន្តរជាតិរបស់កម្ពុជា មិនមែនតែជាមួយប្រទេសធំៗនោះទេ តែ ជាមួយនឹងបណ្តាប្រទេសតូចជាច្រើនផ្សេងទៀតនៅក្នុងពិភពលោក តាមរយៈការចរចាពាណិជ្ជកម្មសេរី ហើយការពង្រីកទីផ្សារនេះ វានឹងផ្តល់នូវឱកាសវិនិយោគកាន់តែច្រើន និងទីផ្សារពលកម្មរបស់កម្ពុជានៅតែមាន ហើយតម្លៃទីផ្សារតម្លៃបន្ថែមនឹងមានការកើនឡើងបន្ថែមទៀត។
លោកថ្លែងថា “នេះ គឺជារឿងល្អសម្រាប់ប្រទេសកម្ពុជាយើង ដែលនឹងជំរុញឱ្យការនាំចេញនូវផលិផលសំខាន់ៗបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ។ ជាមួយគ្នានេះ ក្រុមហ៊ុនដែលវិនិយោគនៅក្នុងប្រទេស ដូចជាក្រុមហ៊ុនអាមេរិក ក្រុមហ៊ុន ចិន ក្រុមហ៊ុនអឺរ៉ុប ក៏នឹងទទួលបានផលពីការធ្វើពិពិធកម្មទីផ្សារអន្តរជាតិរបស់កម្ពុជានេះផងដែរ” ៕






