សមាគមCVEA កំពុងរៀបចំវគ្គបណ្តុះបណ្តាលជំនាញ Property Management ដើម្បីលើកស្ទួយវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជំនាញលើការផ្តល់សេវា និងគ្រប់គ្រងអចលនវត្ថុ ជាពិសេសអគារធំៗ (Property Management) គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងវិស័យអចលនទ្រព្យ ខណៈដែលផ្នែកមួយនេះហាក់ត្រូវបានគេមើលរំលង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះថា ជំនាញលើការគ្រប់គ្រង់អចលនវត្ថុ ឬគ្រប់គ្រងអគារធំៗនៅកម្ពុជាមិនសូវមានអ្នកចាប់អារម្មណ៍ ហើយក៏មិនសូវសម្បូរក្រុមហ៊ុនវិនិយោគនោះទេ ខណៈដែលផ្នែកមួយនេះមានសារសំខាន់ និងមានទីផ្សារទូលាយ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍បន្តថា “ដោយមើលឃើញពីចំណុចខ្វះខាតទាំងនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានរៀបចំកម្មវិធីសម្រាប់បណ្តុះបណ្តាលពីជំនាញ និងការផ្តល់សេវាកម្មក្នុងផ្នែកមួយនេះ ដោយបើកឱកាសដល់បណ្តាសាធារណៈជនដែលចាប់អារម្មណ៍ ជាពិសេសសិស្ស និស្សិត ដែលមានចំណូលចិត្តផ្នែកការគ្រប់គ្រង់ និងផ្តល់សេវាថែទាំអគារ ចូលមកទទួលការសិក្សាបានជាមួយនឹងលក្ខខណ្ឌមួយចំនួនដែលត្រូវបានកំណត់ដោយសមាគម”។

លោកបានបញ្ជាក់ថា “មិនថាអគារពាណិជ្ជកម្ម ខុនដូ អាផាត សណ្ឋាគារ ឬលំនៅដ្ឋានគ្រប់ប្រភេទនោះទេ សុទ្ធតែត្រូវការប្រើប្រាស់នូវសេវា Property Management ទាំងអស់ ដើម្បីអាចរក្សាបាននូវសោភ័ណភាព និងគុណភាពនៃសំណង់បានយូរអង្វែង ហើយម្ចាស់សំណង់មិនចាំបាច់ព្រួយបារម្ភក្នុងការថែទាំដោយខ្លួនឯងនោះទេ។ បច្ចុប្បន្បការផ្តល់សេវាកម្មមួយនេះនៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ ខណៈដែលទីផ្សារអចលនទ្រព្យ ជាពិសេសវត្តមាននៃសំណង់អាគារជាច្រើន បាន និងកំពុងរីកដុះស្អេកស្កះនៅកម្ពុជា”។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ បើអាគារខុនដូ អាគារការិយាល័យ ឬអាផាតម៉ិនណាមួយមានអ្នកជំនាញគ្រប់គ្រងបានល្អ ផ្តល់សុវត្ថិភាព ផ្តល់ការថែរទាំ វានឹងធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង និងធ្វើឱ្យអាគារនោះមានភាពថ្មីជានិច្ច ព្រោះសេវាគ្រប់គ្រងអចលនទ្រព្យ នឹងផ្តល់ការថែទាំ និងជួសជុលអគារទាំងមូល។

លោកស្រីបន្តថា “ការមានក្រុមហ៊ុនជំនាញធ្វើការលើផ្នែកនេះ នឹងធ្វើឱ្យអចលនទ្រព្យនោះទាក់ទាញអ្នកជួល និងទាក់ទាញអ្នកទិញអាគារនោះកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយនៅកម្ពុជា មិនសូវមានក្រុមហ៊ុនជំនាញគ្រប់គ្រងអចលនទ្រព្យបែបនេះច្រើននៅឡើយ”។

លោកស្រី អាន សុធីតា បានបញ្ជាក់ថា “ការផ្តល់សេវាគ្រប់គ្រងអាគារឬអចលនទ្រព្យណាមួយ ធ្វើឡើងដោយមានកិច្ចព្រមព្រៀងរវាងម្ចាស់អាគារ និងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ដែលយកកម្រៃសេវាកម្មពីអ្នកស្នាក់នៅលើអាគារ តាមតម្លៃសមរម្យមួយ ដែលមានការឯកភាពរវាងអ្នកគ្រប់គ្រង និងអ្នកវិនិយោគ ហើយថវិកានោះ នឹងបែងចែងប្រើប្រាស់លើការថែរទាំ ការជួសជុលអាគារ និងបែងចែកភាគលាភផ្សេងៗទៀត ដល់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here