ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ទទួលឯកសណ្ឋានបណ្ឌិតកិត្តិយសផ្នែកករុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ពីសាកលវិទ្យាល័ Rajamangala University of Technology Phra Nakhon នៃព្រះរាជាណាចក្រថៃឡង់ដ៍។

ឯកសណ្ឋានបណ្ឌិតកិត្តិយសនេះ ត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា យកមកប្រគល់ជូន ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី បានឱ្យដឹងកន្លងមកនេះថា ការប្រគល់សញ្ញាបត្រកិត្តិយសដោយសាកលវិទ្យាល័យខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញនៃសាកលវិទ្យាបានពិនិត្យឃើញពីគុណតម្លៃនៃការបំពេញការងារដ៏មានប្រយោជន៍សម្រាប់ជាតិ និងសង្គមកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon បានបញ្ជាក់ថា ការសម្រេចចេញលិខិតសាទរនៃការផ្តល់សញ្ញាបត្រកិត្តិយសដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននេះ គឺជាការបញ្ជាក់ពីកិច្ចទទួលស្គាល់ចំពោះកិច្ចខំប្រឹងប្រែងរបស់លោករដ្ឋមន្ត្រីក្នុងការបំពេញការងារមានប្រយោជន៍សម្រាប់ប្រទេសជាតិ សង្គមជាតិ ក៏ដូចជាមនុស្សជាតិផងដែរ។

លោក យិន លាងគង់ ស្ថាបនិក និងជាអគ្គនាយក ព្រមទាំងបុគ្គលិក នៃគេហទំព័រ propertyarea.asia បានសម្តែងការសាទរ និងត្រេកអរចំពោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលលោកទទួលបាននូវឯកសណ្ឋានបណ្ឌិតកិត្តិយសផ្នែកករុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត
ពីសាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon នៃព្រះរាជាណាចក្រថៃឡង់ដ៍នេះ។
សូមគោរពជូនពរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចំរើនជឿនលឿនទៅមុខជានិច្ចនិរន្តរ៍ ជាពិសេសលើវិស័យព័ត៌មាននៅកម្ពុជា៕






