ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តំបន់ផ្លូវេងស្រេងនៃខណ្ឌមានជ័យ ដែលធ្លាប់តែជាតំបន់ប្រមូលផ្តុំទៅដោយរោងចក្រសហគ្រាស និងឃ្លាំងយ៉ាងច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ននេះបានជំនួសទៅដោយបណ្តុំលំនៅដ្ឋានបែបទាន់សម័យ និងមានតម្លៃសមរម្យចាប់ពីជាង៧ម៉ឺនដុល្លាររហូតដល់ប្រមាណ១៥ម៉ឺនដុល្លារ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance Property លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ តំបន់ដែលធ្លាប់តែជាបណ្តុំរោងចក្រ និងឃ្លាំងកាលពីប្រមាណ២ឆ្នាំមុននោះ បានក្លាយជាបណ្តុំលំនៅដ្ឋានបែបទំនើប និងទាន់សម័យស្អេកស្កះ រួមមានទាំងប្រភេទបុរីធំៗ និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលក្ខណៈជាបណ្តុំ។
លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍បន្តថា “សកម្មភាពអភិវឌ្ឍន៍សំណង់លំនៅដ្ឋាននៅក្នុងតំបន់នេះនៅតែភាពមមាញឹកមិនចាញ់តំបន់ភាគខាងត្បូង និងខាងជើងក្រុងនោះឡើយ ដោយហេតុថា តំបន់នេះមានសក្ដានុពល និងមានអំណោយផលដល់ការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មលក្ខណៈគ្រួសារផងដែរ”។
លោកបញ្ជាក់ថា “បន្ថែមពីគម្រោងដែលមានស្រាប់ និងកំពុងអនុវត្តនូវសកម្មភាពសាងសង់នាពេលបច្ចុប្បន្ន សម្រាប់ថ្ងៃខាងមុខនេះ គម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនទៀតនឹងបង្ហញរូបរាង ដោយសារតែក្រៅពីមានសក្ដានុពល តម្លៃដីនៅទីនេះនៅមានកម្រិត ដែលអនុគ្រោះដល់ការវិនិយោគផ្នែកលំនៅដ្ឋាន”។
ជាមួយនឹងសកម្មភាពដ៏មមាញឹកនៃការសាងសង់សំណង់លំនៅដ្ឋាន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន រួមមានដូចជាផ្លូវក្រវ៉ាត់ទី៣ដែលមានទំហំ ផ្លូវក្នុងតំបន់ ក៏ដូចជាបណ្តាញអគ្គិសនីផងដែរ ដែលជាការឆ្លើយតប និងសម្របសម្រួលដល់ការរស់នៅរបស់ប្រជាជនដែលកំពុងតែមានកំណើន។
លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍បញ្ជាក់ថា “ជាធម្មតា នៅពេលដែលមានគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ ជាពិសេសបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាមានភាពរីកចម្រើន វានឹងជំរុញឱ្យមានមនុស្សចូលទៅរស់នៅច្រើន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញតម្លៃដី ក៏ដូចជាតម្លៃអចលនទ្រព្យមានការកើនឡើងជាបន្តបន្ទាប់” ៕