ក្រសួងសាធារណៈការរៀបចំថវិកាស្ថាបនានិងថែទាំហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស

0

ដោយៈ វុត្ថា

ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននិងកំពុងរៀបចំការអនុវត្តថវិកា និងរៀបចំផែនការមេលើគម្រោងសាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២១នាពេលខងមុខនេះ។

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះឱ្យដឹងថា ក្រសួងបានបើកកិច្ចប្រជុំ ក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាលើគម្រោង/កម្មវិធីអភិ​វ ឌ្ឍន៍ និងជួសជុលថែទាំផ្លូវថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែទន្លេ សម្រាប់ឆ្នាំ២០២១ តែមិនទាន់បានដឹងពីចំនួនថវិកាប៉ុន្មានដែលបានដាក់ស្នើទៅរដ្ឋាភិបាល។

លោកបន្តថា “ជាធម្មតាក្រសួងតែងតែបើកិច្ចប្រជុំពិភាក្សា ជាមួយអន្តរក្រសួងរៀប​ចំ​ថវិកា និងផែនការវិនិយោគជារៀងរាល់ឆ្នាំ ដើម្បីដាក់សំណើរទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ តែយើងមិនដឹងពីចំនួនថវិកា និងគម្រោងវិនិយោគប៉ុន្មាននោះទេ ដែលក្រសួងសេដ្ឋកិច្ចនឹងសម្រេចមកឱ្យក្រសួង”។

លោកបន្ថែមថា បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចរួចហើយ ត្រូវឆ្លងរដ្ឋសភា និងព្រឹទ្ធសភា ទើបផែនការអនុវត្តថវិកា និងផែនការគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់យើងអាចយកមកប្រើប្រាស់បាន ហើយការរៀបចំនេះហាក់មានភាពយឺតយ៉ាវបន្តិចដោយសារយើងជួបនូវបញ្ហាជំងឺ Covid-19 ព្រោះជាធម្មតាយើងធ្វើតាំងពីខែកក្កដាកន្លងទៅម្លេះ។

លោកបញ្ជាក់ទៀតថា កាលពីឆ្នាំកន្លងមកនេះ ថវិកាដែលក្រសួងស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់គម្រោងថែទាំ និងជួសជុលផ្លូវថ្នល់ជាមធ្យមចំនួន៣០០ ទៅ៤០០លានដុល្លារអាមេរិក ហើយសម្រាប់គម្រោងវិនិយោគ មានទំហំទឹកប្រាក់ប្រមា​ណ៤០០ទៅ៥០០ លានដុល្លារអាមេរិក តែសម្រាប់ឆ្នាំនេះយើងមិនទាន់ដឹងនៅឡើយទេ វាអាចប្រែប្រួល ដោយរង់ចាំការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គណៈកម្មការអន្តរក្រសួងនៅថ្ងៃនេះ បានបើកកិច្ចពិភាក្សាលើបញ្ហាសំខាន់ៗចំនួន២ រួមមាន៖ (១)-វឌ្ឍនភាពនៃការអនុវត្តថវិកា(គម្រោងវិនិយោគផ្ទាល់) និងការងារជួសជុល ថែទាំ ឆ្នាំ២០២០ និង (២)-ការរៀបចំផែនការគម្រោងសាងសង់ស្ពាន ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ហរិញ្ញប្បទាន ដោយថវិកាជាតិ (គម្រោងវិនិយោគផ្ទាល់) និង (ការងារជួសជុល និងថែទាំ) ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here