ដោយគង់ សូរិយា
ភ្នំពេញៈ បុគ្គលចំនួន៤រូប ដែលមានបទពិសោធន៍លើវិស័យអចលនទ្រព្យ និងចំណេះដឹងផ្នែកសង្គមច្រើន ត្រូវបានសមាគមអចលនទ្រព្យសាកល តែងតាំងជាទីប្រឹក្សានិងថ្នាក់ដឹកនាំសមាគមសំរាប់អាណត្តិទី១។
អ្នកដែលត្រូវបានតែងតាំងជាទីប្រឹក្សាសំរាប់សមាគមនេះ រួមមាន ទី១ តែងតាំងលោកលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ជាទីប្រឹក្សាទទួលបន្ទុកផ្នែកព៌តមាន និងការផ្សព្វផ្សាយ ទី២ លោក ឡោ វិចិត្រ ជាអនុប្រធានសមាគមអចលនទ្រព្យសកល ប្រចាំរាជធានីភ្នំពេញទទួលបន្ទុកទំនាក់ទំនងជាតិ និងអន្តរជាតិ។
ទី៣ លោក ឃឹម យាន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមអចលនទ្រព្យសកលប្រចាំខេត្តកណ្តាល និងទី៤ លោកស្រី គង់ សុខលីន ជាប្រធានសមាគមសកលអចលនទ្រព្យប្រចាំខេត្តកំពង់ស្ពឺ។
ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន ហៅSAMបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៤ តុលាកន្លងមកថា ការតែងតាំងទីប្រឹក្សា និងអនុប្រធានសមាគម ប្រធានសមាគមនៅតាមបណ្តាខេត្តនានាជាការរួមសតិបញ្ញា ស្មារតី ក្នុងការធ្វើការងារជាក្រុម ដើម្បីជួយសមាគមឲ្យមានភាពរីកចម្រើន ពិសេសគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកបន្តថា “សមាគមអចលនទ្រព្យសកលមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញការទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិមកវិនិយោគនៅកម្ពុជា”។
លោកបន្តថា ជាមួយគ្នានេះសមាគម នឹងទទួលយកសមាជិកភាពជាលក្ខណៈបុគ្គលនិងក្រុមហ៊ុននានា ដែលធ្វើការងារទាក់ទងនឹងវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសការរួមសម្លេង និងទុនរួមគ្នា ដើម្បីជំរុញនូវបរិយាកាសវិនិយោគកាន់តែល្អប្រសើរ។
លោកបន្តថា “អ្វីដែលកាន់់តែពិសេសនាពេលអនាគតឆាប់ៗនេះ សមាគមនឹងបើកការិយាល័យនៅតាមបណ្តាប្រទេសមួយចំនួនរួមមាន ប្រទេសកូរ៉េ ជប៉ុន ក្រុងហុងកុង ខេត្តគ័ងចូវប្រទេសចិនជាដើម”៕