សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងខ្ពស់បន្ទាប់ពីបញ្ចប់ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ

0

ដោយវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានព្យាករណ៍ថា  សេដ្ឋកិច្ចកម្ពុជានឹងកាន់តែកើនឡើងខ្ពស់ បន្ទាប់ពីញ្ចប់ការសាងសង់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនិញ នៅក្នុងខេត្តព្រះសីហនុ ខណៈបច្ចុប្បន្ននេះបាននិងកំពុងកសាង និងរៀបចំឱ្យកាន់តែមានភាពងាយ ដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនទំនិញ។

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ នឹងដឹកជញ្ជូន បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី  ៥ ខែតុលា ឆ្នាំ ២០២០នេះឱ្យដឹងថា រាជរដ្ឋាភិបាលបាន និងកំពុងសងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនទំនិញធំៗ ដែលមានលក្ខណៈស្តង់ដារខ្ពស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ រយៈការដឹកជញ្ជូនទំនិញពីក្រៅប្រទេស និងពីក្នុងប្រទេសទៅកាន់ទីផ្សារអន្តរជាតិ។

លោកថ្លែងថា “យើងបច្ចុប្បន្ន កំពុងរៀបចំពង្រីកផ្លូវជាតិលេខ៤  សាងសង់ផ្លូវល្បឿ​នលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពង្រីកកំពង់ផែក្រុងព្រះសីហនុ រួមជាមួយនឹងពង្រីកន្លែងផ្ទុកកុងតឺន័រ ហើយនៅពេលបញ្ចប់ នឹងជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់”។

លោកបន្ថែមថា “យើងឥឡូវកំពុងធ្វើតាមរយៈការកែលម្អ ប្រព័ន្ធដឹកជញ្ជូនឱ្យកា​ន់តែ​ទំនើប និងមានភាពងាយស្រួល  យើងគ្រាន់តែរំពឹងថា សេដ្ឋកិច្ចវានឹងរីកចំរើនកាន់តែខ្លាំងនៅពេលចប់ តែពេលនេះ យើងមិនទាន់បានបញ្ចប់វានៅឡើយទេ “។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ឱ្យដឹងដែរថា រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយបានអភិវឌ្ឍន៍នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន តភ្ជាប់ទៅកាន់ទីក្រុងភ្នំពេញ និងទៅកាន់បណ្តាខេត្តនា នានៅទូទាំងប្រទែស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ លោកបន្តថា បច្ចុប្បន្នខេត្តមានកំពង់ផែទឹកជ្រៅ អាចឱ្យនាវាដឹកជញ្ជូនចូលចត ដែលមានជម្រៅទឹក៨,៥០ម៉ែត្រ ។

លោកបន្ថែមថា រាជរដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការអភិវឌ្ឍន៍កំពង់ផែ ដើម្បីបង្កើនសមត្ថភាពឱ្យនាវាមានជម្រៅទឹកជ្រៅ ដែលអាចចូលចតបាន និងធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនប្រកួតប្រជែងមានការធ្លាក់ចុះ។ ធ្វើការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ពីកម្រិតអាចឱ្យយន្តហោះ 3E ទៅ4E និងពង្រីកផ្លូវរត់រហូតដល់៣.២០០ម៉ែត្រ ដើម្បីជំរុញដល់ការដឹកជញ្ជូនតាមផ្លូវអាកាស។

លោកអភិបាលខេត្ត បានបន្តថាខេត្តព្រះសីនុ ជាតារារះនាទិសនារតី ដោយផ្ដើមចេញពីឆ្នេរសមុទ្រសស្អាត ខ្យល់ អាកាសបរិសុទ្ធ គួបផ្សំនឹងសក្តានុពលដ៏សម្បូរបែបក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុមានការកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here