ដោយ ហ្សូលី
ព្រះសីហនុ៖ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៤ ខ្សែ បានជម្រុញសក្តានុពលខេត្តឲ្យកាន់តែភាពទាក់ទាញលើការវិនិយោគបន្ថែម។ បច្ចុប្បន្នដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏មានភាពសកម្មនិងសម្រេចបានសមិទ្ធផលជាច្រើន។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ,ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យលទ្ធផល នៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ កម្ពុជា ស្តីពី បច្ចុប្បន្នភាពនៃគម្រោងស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ ដែលរួមបញ្ចូលទាំងហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗទៀត បានសម្រេចសមិទ្ធផលដូចជា ការងារស្ថាបនាផ្លូវបេតុងសម្រេចបាន១០០ភាគរយ, ដាក់លូអមសង ខាងផ្លូវបាន១០០ភាគរយ, ដាក់លូរណបបាន៣០.៥៤ភាគរយ, រៀបខឿនថ្ម ក្រានីតបាន៨៥.៨៣ភាគរយ, ក្រាលកម្រាលថ្មក្រានីតបាន៤៩.៦៧ភាគរយ។
ទន្ទឹមនេះ ការងារដំឡើងបង្គោលភ្លើងតាមផ្លូវសាធារណៈបាន៨០.២៨ភាគរយ, បំពាក់អំពូលភ្លើងបាន ៦៧.៧៥ភាគរយ, បំពាក់កាំមេរ៉ាសុវត្ថិភាពបាន១៥ភាគរយ, ដំឡើងភ្លើងស្តុបចរាចរបាន ៤៥ភាគរយ និងដាំដើមឈើ រួមទាំងផ្កាក្រដាសសម្រេចបាន ៥០.១០ភាគរយ។
ការចុះពិនិត្យសកម្មភាពផ្លូវទាំង ៣៤ខ្សែ គឺចាប់ផ្តើមចេញពីចំណុច រង្វង់មូលរាម ស្រុកព្រៃនប់ កាត់តាមមហាវិថីជំទាវម៉ៅ មកក្នុងក្រុងព្រះសីហនុ៕








