ដោយ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានថ្លែងថា តម្លៃអចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត កំពុងមានសក្តានុពល ហើយតម្លៃបន្តកើនឡើងប្រចាំឆ្នាំ។
នាយកក្រុមហ៊ុន Century21 Fortuna Investment លោក វ៉ា វីរៈ បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីពេលថ្មីៗនេះថា អចលនទ្រព្យដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត បើប្រៀបធៀបជាមួយតំបន់ដទៃទៀត ដូចជានៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ផ្លូវកម្ពុជាក្រោម ផ្លូវហ្សាឌឺហ្គោល ឬមហាវិថីសហព័ន្ធរុស្ស៊ី គឺនៅមានកម្រិតទាបនៅឡើយ។
លោកបន្តថា “យើងមើលឃើញជាក់ស្ដែងស្រាប់ ចំពោះសំណង់អាគារដែលស្ថិតនៅតាមផ្លូវព្រះមុនីរ៉េត មិនសូវជាមានភាពទាក់ទាញខ្លាំង ដូចតាមបណ្តាផ្លូវដូចដែលបានរៀបរាប់ខាងលើនោះទេ” ។
ផ្លូវនេះ ត្រូវបានគេបែងចែកជា២តំបន់ គឺតំបន់ទី១ ចាប់ពីផ្សារដើមគរឆ្ពោះមកអាងទឹកអូឡាំពិក និងតំបន់ទី២ ចាប់ពីផ្សារដើមគរ ឆ្ពោះទៅស្ពានស្ទឹងមានជ័យ។
លោកវ៉ា វីរៈ បានបន្តទៀតថា ចំពោះតំបន់ទី១ មានភាពទាក់ទាញជាង ព្រោះនៅសងខាងផ្លូវភាគច្រើន ត្រូវបានគេបើកលក់ជាអាជីវកម្មចំរុះបាន និងមានមនុស្សចរាចរណ៍ឆ្លងកាត់ច្រើន ដែលដីនៅតំបន់នេះមានតម្លៃចន្លោះពី៣៥០០ ទៅ៤៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចំពោះតំបន់ទី២ ហាក់មិនសូវសម្បូរផ្ទះអាជីវកម្មនោះទេ ហើយប្រភេទផ្ទះនីមួយៗភាគច្រើនមានប្រវែងខ្លី ហើយក៏មានតែមួយជួរ ព្រោះនៅទល់មុខជារបងសណ្ឋាគារ និងរបងភូមិគ្រឹះ។ ដូច្នេះតំបន់ទី២នេះ មានតម្លៃទាបជាងតំបន់ទី១ ដែលអាចស្ថិតនៅក្នុងចន្លោះពី៣០០០ ទៅ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យ៉ាងណាក៏ដោយ លោកវ៉ា វីរៈ ក៏បានបញ្ជាក់បន្ថែមថា តម្លៃខាងលើនេះជាតម្លៃនៅលើទីផ្សារនាពេលបច្ចុប្បន្ន ប៉ុន្តែនៅថ្ងៃខាងមុខនេះ អាចនឹងមានការកើនឡើងខ្ពស់ជាងនេះ ព្រោះជាទូទៅតម្លៃដីនៅក្នុងរាជធានីភ្នំពេញ តែងមានការកើនឡើងក្នុងរង្វង់ប្រមាណ១០-១៥ ភាគរយប្រចាំឆ្នាំ៕