ដោយ ហ្សូលី
ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោដែលមានទុនវិនិយោគប្រមាណ ១៦០លានដុល្លារ ត្រូវបានពន្យាពេលបញ្ចប់ការសាងសង់សារជាថ្មីពោលគឺលើកទៅខែឧសភាព ឆ្នាំ ២០២១ ដោយហេតុផលថា ត្រូវចំណាយពេលបន្ថែមក្នុងការសាងសង់ផ្នែកមួយចំនួនទៀត។

ការពន្យាពេលនេះលើកពេលសារជាថ្មី ដែលលើកមុនថ្នាក់ដឹកនាំបានបញ្ជាក់ថានឹងបញ្ចប់ការស្ថាបនានៅក្នុងខែមេសា ឆ្នាំ ២០២១ ប៉ុន្តែដោយសារបញ្ហាមួយចំនួនតម្រូវឱ្យពន្យាពេលបញ្ចប់ការសាងសង់នៅក្នុងខែឧសភា ឆ្នាំ ២០២១វិញ។ នេះបើតាមឱ្យដឹងពី លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា។
លោកបានបញ្ជាក់ប្រាប់ពីហេតុផលជាក់ស្តែងដែលបណ្តាលឱ្យមានការរាំងស្ទះនិងអូសបន្លាយដល់ការបញ្ចប់សាងសង់នេះ ដោយសារកត្តា ២យ៉ាងមានដូចជា ការបង្ហើយចុងក្រោយរបស់កីឡដ្ឋាន មានការប្រែប្រួលកាលបរិច្ឆេទ ដោយសារក្រុមការងារត្រូវការពេលវេលាតុបតែង ការធ្វើបន្ទប់ ការបំពាក់កញ្ចក់ បំពាក់កៅអី ជាដើម។
លើសពីនេះ ក៏ត្រូវរៀបចំបន្ថែមនូវការតុបតែងផ្នែកខាងក្នុង ទាំងតារាងបាល់ ប្រព័ន្ធខាងក្រោមតារាងបាល់ ទីលានរត់អត្តពលកម្ម និងបន្ទប់វីអាយភី។
ពហុកីឡដ្ឋានមរតកតេជោលំដាប់អន្តរជាតិ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ចិន និងសាងសង់លើផ្ទៃដីសរុបជាង ១៦ ហិកតា។
ពហុកីឡដ្ឋានដ៏ទំនើបនេះជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនសាងសង់លើផ្ទៃដីជាង១៦ហិកតា ដោយគ្រោងចំណាយថវិកា១៥៨លានដុល្លារ ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ ចាប់តាំងពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕






