ដោយ ហ្សូលី
ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវដែកតភ្ជាប់ពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាមកំពុងត្រូវបានរដ្ឋាភិបាលកម្ពុជាសិក្សាពីលទ្ធភាពស្ថាបនានៃហេដ្ឋារចនាសម្ព័ន្ធមួយនេះ ខណៈផ្លូវល្បឿនលឿនតភ្ជាប់ពីទីក្រុងភ្នំពេញ-ក្រុងបាវិតក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សាដោយក្រុមហ៊ុន China Railway Internation Co., Ltd។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ក្រុងបាវិតដែលជាច្រកព្រំដែនអន្តរជាតិនេះ អាចនឹងជួយជម្រុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងរឹងមាំមួយកម្រិតទៀត។
លោក លី បូរិន អនុរដ្ឋលេខាធិកាក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ការសិក្សាគម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធផ្លូវដែកតភ្ជាប់ពីក្រុងភ្នំពេញឆ្ពោះទៅកាន់ក្រុងបាវិតកំពុងដំណើរការសិក្សា ប៉ុន្តែមិនទាន់ដឹងច្បាស់ថា នឹងបញ្ចប់ការសិក្សានៅពេលណានោះទេ។
លោកថា ភាគីវៀតណាមបានស្នើសុំឱ្យកម្ពុជាសិក្សាពីគម្រោងសាងសង់ផ្លូវដែកពីភ្នំពេញទៅកាន់ក្រុងបាវិតជំនួស
គម្រោងផ្លូវដែកតភ្ជាប់ពីខេត្តក្រចេះទៅកាន់ក្រុងបាវិតវិញ រីឯភាគីវៀតណាមនឹងសាងសង់ផ្លូវដែកពីទិក្រុងហូជីមិញឆ្ពោះមកកាន់ក្រុងបាវិតវិញ។
អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍ថា ផ្លូវដែកគឺជាអាទិភាពទី ២ របស់រដ្ឋាភិបាល បន្ទាប់ពីផ្លូវថ្នល់ដែលជាការជម្រុញពាណិជ្ជកម្មឆ្លងដែនជាមួយប្រទេសជិតខាងនិងកម្ពុជា។
ទន្ទឹមនេះ លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia នៅព្រឹកនេះឱ្យដឹងថា ការដឹកជញ្ជូនទំនិញនៅតាមព្រំដែនកម្ពុជា-វៀតណាមមានកំណើនខ្ពស់។ កំណើនចរាចរណ៍នៃការដឹកជញ្ជូនទំនិញតាមរយៈរថយន្តធុនធំៗនៅតាមព្រដែនជាមួយភាគីវៀតណាម មានការកើនឡើងច្រើន ប្រៀបធៀបជាមួយនឹងព្រំដែនភាគីថៃ ។ ដូច្នេះហើយបានរាជរដ្ឋាភិបាលមានបំណងចង់បើកច្រកព្រំដែនអន្តរជាតិបន្ថែមទៀត ដើម្បីដោះស្រាយកកស្ទះនៃការដឹកជញ្ជូនទំនិញរថយន្តធុនធំៗ។
របាយការណ៍សិក្សារបស់ក្រុមហ៊ុនសាងសង់បានបង្ហាញថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ មានបីជម្រើសផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជានិងវៀតណាម។
ក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើជម្រើស ផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេសក្រសួងរង់ចាំលទ្ធផល របាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋាន ក្នុងការសម្រេចចិត្ត៕






