ដោយវុត្ថា
ភ្នំពេញ៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬ មហាវិថី ៦០ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញកំណត់ល្បឿនយានយន្តបើកបរមិនអោយលើស ៤០គ.មក្នុង១ម៉ោង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខណៈបច្ចុប្បន្ននេះកំណើនគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាច្រើករណី និងបាត់បង់ចំណូលជាតិអស់រាប់រយលានដុល្លារអាមេរិក។

មន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២០នេះ ថា ដោយប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរកើតមានជាញឹកញាប់ដោយការបើកបរលឿន លើដងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ចាប់ពីពេលនេះតទៅ មហាវិថីនេះត្រូវបានកំណត់ល្បឿនយានយន្តបើកបរមិនអោយលើស ៤០គ.មក្នុង១ម៉ោង។
មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ ២០១៧ ដែលមានប្រវែងសរុប ៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។
មហាវិថីនេះ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។ មហាវិថីសម្តេចតេជោហ៊ុនសែន ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពី ខែ មីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន ING Holding Co., Ltd របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលចំណាយប្រាក់ ៧៦ លានដុល្លារអាមេរិកសម្រាប់ការសាងសង់នេះ។
ផ្លូវធំមួយខ្សែនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួល និងកាត់បន្ថយការកក់ស្ទះចរាចរណ៍នៅតំបន់ចាក់អង្រែលើ ចាក់អង្រែក្រោម ក៏ដូចជាក្នុងក្រុងតាខ្មៅផងដែរ ហើយអ្នករាជធានីភ្នំពេញក៏អាចធ្វើដំណើរកាត់មហាវិថីនេះឆ្ពោះទៅផ្លូវចំការដូង ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានដោយងាយស្រួលទៀតផង។
បន្ទាប់ពីដាក់ឱ្យដំណើរការនូវមហាវិថីនេះ មានគម្រោងវិនិយោគផ្សារទំនើប លំនៅឋានប្រណិត គគម្រោងខុនដូ និងអគារពាណិជ្ជកម្មជាច្រើនបានទៅបោះទីតាំងនេះ ដែលជំរុញឱ្យតំបន់មហាវិថីនេះមានសក្តានុពលខ្ពស់លើវិស័យអចលនទ្រព្យ និងទៅអនាគតនឹងក្លាយជាតំបន់ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគដ៏មានសក្តានុពលបំផុតរបស់ទីក្រុងភ្នំពេញ៕






