សម្តេចតេជោនឹងអញ្ជើញបើកការរដ្ឋានសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រទៅកោះនរាហ៍ នៅថ្ងៃទី ២៦ ខែតុលា ខាងមុខនេះ

0

ដោយវត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាហ៍នៅថ្ងៃទី ២៦ ខេតុលា ឆ្នាំ ២០២០ខាងមុខនេះ ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងគេនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ ឱ្យដឹងថា នៅថ្ងៃទី ២៦ខែនេះ ថា “ខ្ញុំនឹងទៅបើកការដ្ឋានស្ថាបនាស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាហ៍ ដើម្បីសម្រួលចរាចរណ៍ពីស្រុកគៀនស្វាយទៅកាន់ទីក្រុងភ្នំពេញ”។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុនOCIC ធ្លាប់បានឱ្យដឹងដែរថា “គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ”។ លោកបន្តថា “ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាបមានប្រវែងប្រមាណ៥០០ម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ ដែលគ្រោងចំណាយពេលសាងសង់៣២ខែ ដោយប្រើថវិកាប្រមាណជាង៥០លានដុល្លារ ហើយស្ថាបត្យកម្មស្ពាននេះធ្វើឡើងតាមរចនាបថបែបខ្មែរ ”។

លោកបន្តថា ស្ពាននេះក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំង២នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សច្បារអំពៅ។

លោក ទូច សំណាង ក៏បានបញ្ជាក់ផងដែរថា សម្រាប់ការចរាចរណ៍ឆ្លងកាត់ស្ពានមួយនេះនឹងត្រូវបានកំណត់ប្រភេទរថយន្ត ដោយអាចនឹងមិនអនុញ្ញាតប្រភេទរថយន្តធុនធំ ឬដឹកទំនិញធ្ងន់ឆ្លងកាត់នោះឡើយ ប៉ុន្តែករណីនេះកំពុងសិក្សា។

លោកបន្តថា តាមផែនការពីដំបូង ក្រុមហ៊ុនមានជម្រើសពីរក្នុងការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា ដោយជំរើសទី១សាងសង់ស្ពានក្រោមទន្លេ និងជម្រើសទី២សាងសង់ស្ពានលើទឹក ប៉ុន្តែការសម្រេចចុងក្រោយគឺជ្រើសរើសស្ពាននៅលើទឹកជំនួសវិញ ដែលស្ពាននេះមិនត្រឹមតែសម្រួលចរាចរណ៍នោះទេ តែក៏ជាផ្នែកមួយលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here