ដោយវុត្ថា
ភ្នំពេញៈ គម្រោងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ផ្លូវជាតិលេខ៤៨ប្រវែង១៥០គីឡូម៉ែត្រ ពីផ្លូវបំបែកស្រែអំបិល ទៅទីរួមខេត្តកោះកុង បាននឹងកំពុងដាក់ឱ្យដេញថ្លៃជាមួយនឹងក្រុមហ៊ុនរបស់កូរ៉េ ដើម្បីចាប់ផ្តើមស្ថាបនាពេលខាងមុនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិសំខាន់ៗ នៅក្នុងប្រទេសកម្ពុជាមួយចំនួន ត្រូវបានស្ថាបនាបញ្ចប់ និងមួយចំនួនទៀត កំពុងស្ថានបនា រួមជាមួយនឹងកំពុងសិក្សា និងសិក្សារួចរាល់ ខណៈដែលគម្រោងធ្វើឱ្យផ្លូវជាតិលេខ៤៨ ត្រូវបានដាក់ដាក់ដេញថ្លៃ។
លោកទេសរដ្ឋមន្ត្រីថ្លែងថា “ផ្លូវជាតិលេខ៤៨តភ្ជាប់ពីផ្លូវស្រែអំបិល ទៅកាន់ខេត្តកោះកុង បាននិងកំពុងដាក់ដេញថ្លៃជាមួយក្រុមហ៊ុនកូរ៉េរួចហើយ។ នៅពេលបញ្ចប់ការដេញថ្លៃ យើងនឹងចាប់ផ្តើមធ្វើនាពេលខាងមុខនេះ”។
លោកស៊ុន ចាន់ថុលថ្លែងថា ផ្លូវជាតិលេខ៤៨នឹងត្រូវលើកកម្រិត ពីផ្លូវកៅស៊ូពីរស្រទាប់ ទៅជាផ្លូវបេតុងកៅស៊ូ AC និងពង្រីកទទឹងផ្លូវពី១០ម៉ែត្រ មក១១ម៉ែត្រ។ លោក ស៊ុន ចាន់ថុលបន្តថា”សង្ឃឹមថាឆ្នាំ២០២០ យើងនឹងបើកការដ្ឋានពង្រីកផ្លូវនេះទៅ១១ម៉ែត្រដោយប្រើថវិកាកម្ចីពីកូរ៉េ”។
តាមផែនការ ការស្ថាបនាផ្លូវជាតិលេខ៤៨នេះ នឹងត្រូវចំណាយទឹកប្រាក់៧៥លានដុល្លារ ដែលជាកម្ចីពីរដ្ឋាភិបាលកូរ៉េ៦៧លានដុល្លារ និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាចំនួន៨លានដុល្លារ។ ផ្លូវជាតិលេខ៤៨នេះ ក៏ត្រូវបានកែលម្អជាបណ្ដោះអាសន្នរួចរាល់ម្តងហើយ សម្រាប់ទទួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យសមុទ្រនៅខេត្តកោះកុងនាខែធ្នូឆ្នាំ ២០១៩កន្លងមកនេះ៕







