ពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបានទំហំទឹកប្រាក់ ១ ៣៤៦លានដុល្លារ

0

ដោយ៖ វុទ្ធី

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគី រវាងជប៉ុន និងកម្ពុជាមានទំហំទឹកប្រាក់ ១ ៣៤៦លានដុល្លារគិតចាប់ពីខែមករាដល់ខែសីហាឆ្នាំ ២០២០ ធ្លាក់ចុះ ៧,៤២ ភាគរយស្មើនឹង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើយោងតាមស្ថិតិដែលចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។

ការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន មានតម្លៃ ១,០៤៥ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២០ ធ្លាក់ចុះ ៥,៣ ភាគរយ។ ខណៈការនាំចូលពីប្រទេសជប៉ុនបានធ្លាក់ចុះ ១៤,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងដែរថា នៅក្នុងវិបត្តិសេដ្ឋកិច្ចសកលនេះ បានធ្វើឱ្យសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនានាជួបបញ្ហាប្រឈម។ ជាមួយគ្នានេះ កម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ តែសម្រាប់កំណើនសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនក្នុងរយៈពេលនេះនៅតែមានភាពល្អប្រសើរ តែមិនខ្លាំងនោះទេ។

លោកបន្តថា ផលិតកម្មនានានឹងកាន់តែងើបឡើងកាន់តែខ្លាំងឡើងថែមទៀត បន្ទាប់ពីមានការទប់ស្កាត់ និងគ្រប់គ្រងបាននូវជំងឺ Covid-19 ជាពិសេសក្រោយការដាក់ឱ្យដំណើរការឡើងវិញនូវជើងហោះហើរ រួមជាមួយការបើកច្រកសេដ្ឋកិច្ច ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានការរីកចម្រើនក្រោមកំណើននៃចំនួនវិនិយោគ និងពាណិជ្ជកម្ម។

យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ផលិតផលសក្តានុពលសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុនគឺ សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។

JETRO បានឱ្យដឹងថា ប្រទេសជប៉ុនបាននាំចូលទំនិញ និងផលិតផលមកពីជុំវិញពិភពលោក ដែលភាគច្រើនជាវត្ថុធាតុដើមចំណីអាហារ វត្ថុធាតុដើម (ឈើ,សណ្តែក) ឥន្ធនៈ ( LNG, LPG) ផលិតផលផលិត (វាយនភ័ណ្ឌអំបោះនិងក្រណាត់) គ្រឿងម៉ាស៊ីនអគ្គិសនី សម្លៀកបំពាក់ គ្រឿងបន្លាស់ និងរបស់ផ្សេងទៀត។

កាលពីខែមុន វិនិយោគិនបរទេសបានស្នើសុំរដ្ឋាភិបាលកម្ពុជា កាត់បន្ថយថ្លៃដើមនៃវិញ្ញាបនបត្របញ្ជាក់ប្រភពដើម (CO) ដែលបច្ចុប្បន្នមានតម្លៃ ថ្លៃជាងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ាន។

វិញ្ញាបនប័ត្រប្រភពដើមគឺជាឯកសារផ្លូវការ ដែលត្រូវបានប្រើដើម្បីបញ្ជាក់ថា ផលិតផលមួយត្រូវបានផលិតឬផលិតទាំងស្រុងនៅក្នុងប្រទេសមួយ។ ជាទូទៅវាជាឯកសារសំខាន់ដែលអ្នកទិញត្រូវការហើយអនុវត្តចំពោះផលិតផលនីមួយៗ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើង ដោយសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ក្នុងអនុសាសន៍គោលនយោបាយ ២០២០-២០២១ របស់ខ្លួន ដែលបានដាក់ជូនរដ្ឋាភិបាល ដោយនិយាយថា ថ្លៃដាក់ពាក្យស្នើសុំសម្រាប់ CO នៅកម្ពុជាមានតម្លៃថ្លៃជាងសមាជិកអាស៊ានដទៃទៀត ដែលមានតម្លៃរហូតដល់ ៥៨ ដុល្លារ។

នៅប្រទេសថៃ មានពាក្យសុំ បីប្រភេទ ហើយថ្លៃឈ្នួលគឺ ២៤.៥០ ដុល្លារ។ នៅប្រទេសសិង្ហបុរី វាមានតំលៃប្រហែល ៧ ដុល្លារ។ នៅប្រទេសម៉ាឡេស៊ី វាមានតម្លៃ ២,៣៩ ដុល្លារ ហើយនៅប្រទេសជប៉ុនគឺ ១០ ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here