ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ ផ្សារទំនើបលើកដំបូងនៅក្រុងព្រះសីហនុ FURI Times Square មានអតិថិជនចំរុះជាតិសាសន៍យ៉ាងច្រើន ស្របពេលដែលកំណើននៃចំនួនក្រុមហ៊ុន ហាងលក់ទំនិញនានាដែលជាដៃគូសហការនៅក្នុងផ្សារកាន់តែកើនឡើងជាលំដាប់។
ប្រធានផ្នែកគ្រប់គ្រងផ្នែកទីផ្សារ និងការលក់នៅក្នុងផ្សារទំនើប FURI Times Square កញ្ញា ពុធ ប៊ុនរស្មី បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ទាំងចំនួនក្រុមហ៊ុន និងហាងលក់ទំនិញនានាដែលជាដៃគូវិនិយោគ ក៏ដូចជាចំនួនអតិថិជនមកកាន់ផ្សារទំនើបលើកដំបូងប្រចាំនៅក្រុងព្រះសីហនុមួយនេះមានការកើនឡើងជាលំដាប់។
កញ្ញាបានបន្តថា “ជារៀងរាល់ថ្ងៃ គឺមានអតិថិជនចំរុះជាតិសាសន៍ចូលមកកាន់ផ្សារទំនើប FURI Times Square ជាច្រើន ដែលក្នុងនោះមានអ្នកខ្លះ មកទិញផលិតផល និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជាសម្លៀកបំពាក់ គ្រឿងលម្អរខ្លួន ហើយអ្នកខ្លះទៀតមកទទួលទានអាហារ និងភេសជ្ជៈ ដោយឡែកអ្នកខ្លះទៀតគាត់មកដើរកម្សាន្តលក្ខណៈជាក្រុម”។
កញ្ញាបានបញ្ជាក់ឱ្យដឹងថា ជាមួយនឹងការទទួលបានកំណើននៃចំនួនអតិថិជនខាងលើនេះ គណៈគ្រប់គ្រងផ្សារទំនើប FURI Times Square បានអនុវត្តនូវវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ទៅលើការរក្សាគម្លាត និងអនាម័យ ដោយការបាញ់ទឹកអាល់កុលសម្អាតដៃ ផ្តល់ម៉ាស់ និងការវាស់កម្ដៅទាំងបុគ្គលិកបម្រើការងារនៅក្នុង ទាំងបុគ្គលិកក្រុមហ៊ុន និងហាងលក់ទំនិញ ក៏ដូចជាអតិថិជនមុនពេលអនុញ្ញាតឱ្យចូលក្នុងបរិវេណផ្សារទាំងអស់ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើម Covid-19 នៅក្នុងតំបន់ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាផងដែរ។
ផ្សារទំនើប FURI Times Square មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្បែរវិមានឯករាជ បាននាំមកជូននូវបទពិសោធន៍ថ្មីនៅក្នុងតំបន់ ដោយការនាំយកមកនូវបណ្តាផលិតផល មុខទំនិញចំរុះគ្រប់ប្រភេទយ៉ាងសម្បូរបែប ដែលសុទ្ធតែជាម៉ាកយីហោល្បីៗលំដាប់សាកលលោក ដូចជា ក្រុមហ៊ុន KFC ក្រុមហ៊ុន Starbucks ក្រុមហ៊ុន Amazon Café ,ក្រុមហ៊ុន KOI ក្រុមហ៊ុន Dakasi Tea ហាងអាហារមកពីប្រទេសសាំងហ្គាពួរ ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងសំអាងផងដែរ សរុបជិត៣០ក្រុមហ៊ុន៕