ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ ៖ ក្រោមគោលដៅរឹតបណ្តឹង និងរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញបានស្នើឱ្យម្ចាស់បូរី និងខុនដូទាំងអស់ ផ្តល់ទិន្នន័យពីកាំមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ច ដើម្បីពង្រឹងកិច្ចសហការជាមួយគ្នាឱ្យបានល្អក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ហើយសមត្ថកិច្ចនឹងរក្សាជាការសម្ងាត់ ដោយមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាំមេរ៉ាសុវត្ថិភាពទាំងនោះទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខ សុវត្ថិភាព នៅតាមបុរីនិងខុនដូ នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ថា ចាប់ពីពេលនេះទៅគ្រប់បូរី និងខុនដូទាំងអស់នៅរាជធានីភ្នំពេញ ត្រូវតែបំពាក់កាំមេរ៉ាសុវត្ថិភាព និងមានប្រព័ន្ធសន្តិសុខសុវត្ថិភាព ដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ។
លោកបានបញ្ជាក់ថា “ម្ចាស់បូរីទាំងអស់ ត្រូវផ្តល់ទិន្នន័យចេញពីកាំមេរ៉ាសុវត្ថិភាព ភ្ជាប់ទៅមជ្ឈមណ្ឌលកាំមេរ៉ាសុវត្ថិភាពរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការចុះអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។ រាល់ទិន្នន័យដែលភ្ជាប់មកស្នងការរាជធានីភ្នំពេញ នឹងរក្សាជាការសម្ងាត់ នឹងមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាំមេរ៉ាសុវត្ថិភាពនៅទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ”។
លោកបន្តថា “ការពង្រឹងកិច្ចសហការរវាងម្ចាស់បូរី ម្ចាស់ខុនដូ ជាមួយសមត្ថកិច្ចនេះ គឺដើម្បីអាចរាយការណ៍អោយគ្នាទៅវិញទៅមក នៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើង ដែលអាចឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា”។
បច្ចុប្បន្ន នៅរាជធានីភ្នំពេញមានសំណង់បូរីជាច្រើនទីតាំង ហើយកន្លែងខ្លះមានភាពស្មុគស្មាញងាយកើតឡើងនូវបទល្មើសនានាដែលទាមទារឱ្យភាគីទំាង២មានកិច្ចសហការជាមួយគ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបូរីនោះ។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានគាំទ្រចំពោះយន្តការទាំងនេះ ដែលធានាបានសន្តិសុខសុវត្ថិភាពជូនអ្នកស្នាក់នៅ។ ក្រៅពីនេះ លោកក៏បានស្នើឱ្យម្ចាស់បូរី ម្ចាស់ខុនដូ ត្រូវបំពាក់ប្រព័ន្ធការពារសុវត្ថិភាពបន្ថែមទៀត ក៏ដូចជាការត្រៀមបង្ការពន្លត់អគ្គិភ័យ ឬរថយន្តពន្លត់អគ្គិសភ័យ មានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ត្រូវមានសន្តិសុខយាមកាមជាដើម។ បន្ថែមពីនេះទៀតម្ចាស់បុរីគួរបង្កើតឱ្យមានបទបញ្ជាផ្ទៃក្នុងនៅក្នុងបុរី បើបុរីរបស់អស់លោកមានសន្តិសុខល្អ នោះមិនខ្វះអតិថិជននោះទេ ៕