ដោយៈចរិយា
អាស៊ានៈ ក្រុមប្រឹក្សាពាណិជ្ជកម្ម អឺរ៉ុបអាស៊ាន(EU-ASEAN Business Council) បានចេញផ្សាយការស្ទង់មតិ លើចំណាប់អារម្មណ៍ធុរកិច្ចលើកទី៦ របស់ខ្លួនមួយបានបង្ហាញថាធុរកិច្ចអឺរ៉ុបភាគច្រើនមើលឃើញថា តំបន់អាស៊ានកំពុងផ្តល់នូវឱកាសសេដ្ឋកិច្ច និងវិនិយោគល្អបំផុត ហើយភាគច្រើនរំពឹងថានឹងពង្រីកខ្លួនមកកាន់តំបន់នេះ។

យោងតាមការស្ទង់មតិចេញផ្សាយ កាលពីថ្ងៃទី៨ ខែតុលាម្សិលមិញនេះ បង្ហាញថាចម្លើយ៥៣ភាគរយនៃធុរកិច្ចអឺរ៉ុបយល់ឃើញថា តំបន់អាស៊ានជាតំបន់ដែលមានសេដ្ឋកិច្ចល្អបំផុតនៅក្នុងឆ្នាំ២០២០នេះ ខណៈដែលចម្លើយ៤៧ភាគរយ កំពុងពិចារណារៀបចំសង្វាក់ផ្គត់ផ្គង់របស់ខ្លួនឡើងវិញ ជាមួយនឹងតភ្ជាប់តំបន់អាស៊ាន អឺរ៉ុប និងចិន បន្ទាប់ពីចប់ជំងឺCovid-19។
របាយការណ៍ស្ទង់មតិដដែលបន្តថាចំនួន៧៣ភាគរយនៃវិនិយោគិនរំពឹងថានឹងពង្រីកកម្រិតពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងតំបន់អាស៊ានក្នុងរយៈពេល៥ឆ្នាំខាងមុខខណៈមានតែ២ភាគរយប៉ុណ្ណោះដែលយល់ថាសមាហរណកម្មសេដ្ឋកិច្ចអាស៊ានកំពុងរីកចម្រើនយ៉ាងលឿននិងចំនួន៤ភាគរយយល់ឃើញនីតិវិធីគយអាស៊ានមានភាពលឿននិងមានប្រសិទ្ធភាព។
របាយការណ៍ដដែលបន្តថា ៦២ភាគរយយល់ឃើញថា តំបន់អាស៊ាន កំពុងប្រឈមនឹងឧបសគ្គជាច្រើន ចំពោះការប្រើប្រាស់សង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព ខណៈ ចំនួន៩៨ភាគរយ នៃអ្នកឆ្លើយតបចង់ឲ្យសហភាពអឺរ៉ុប ពន្លឿនកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាននិងសមាជិករបស់ខ្លួន។

លោក Donald Kanak អ្នករៀបចំការស្ទង់មតិ និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប – អាស៊ាន បានឱ្យដឹងថា “ការស្ទង់មតិនៅឆ្នាំនេះបានបញ្ជាក់ថា តំបន់អាស៊ាននៅតែត្រូវបានគេមើលឃើញថា ជាតំបន់ដែលមានសេដ្ឋកិច្ចល្អបំផុត ប៉ុន្តែនៅក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ១៩នេះ ត្រូវបានគេរំពឹងថាពាណិជ្ជកម្ម និងការវិនិយោគបង្ហាញនូវសញ្ញានៃការធ្លាក់ចុះ។
លោកបន្តថា សម្រាប់ការស្ទង់មតិនៅឆ្នាំនេះបានសួរថា តើតំបន់ណាមួយនៅក្នុងយុគសម័យនៃការរាតត្បាតនៃជំងឺ Covid-19 នឹងក្លាយជាតំបន់ ដើម្បីទាក់ទាញការវិនិយោគបន្ថែមលើខ្សែសង្វាក់ផ្គត់ផ្គង់? ខណៈចម្លើយភាគច្រើន គឺតំបន់អាស៊ានទទួលបានសំឡេងគាំទ្រច្រើនជាងគេ ហើយតំបន់ផ្សេងទៀត ដូចជាតំបន់អ៊ឺរ៉ុប និងប្រទេសចិនក៏ទទួលបានសំឡេងគាំទ្រច្រើនដែរ។
បើតាមក្រុមប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប– អាស៊ានបានបញ្ជាក់ថា ការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីខែមេសា ដល់ខែកក្កដាឆ្នាំ ២០២០ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១9 និងការបិទប្រទេសមួយចំនួននៅក្នុងតំបន់ ហើយមានអ្នកឆ្លើយតបសរុបចំនួន៦៨០នាក់ ត្រូវបានគេកត់ត្រាពីធុរកិច្ចអ៊ឺរ៉ុប ក្នុងវិស័យសាធារណៈ និងឯកជននៅទូទាំងរដ្ឋជាសមាជិកអាស៊ានទាំង១០៕






