ហេដ្ឋារចនាសម្ព័ន្ធស្ពានចំនួន ៣ ក្នុងខេត្តកំពង់ចាម ជម្រុញវិស័យដឹកជញ្ជូនកាន់តែមមាញឹក

0

ដោយ ហ្សូលី

កំពង់ចាម៖ ខេត្តកំពង់ចាមមានស្ពានឆ្លងកាត់ធំៗចំនួន ៣ ដោយក្នុងនោះមានស្ពានមួយស្ថិតនៅក្នុងតំណាក់កាលស្ថាបនានៅឡើយ។ យ៉ាងណាមិញ ហេដ្ឋារចនាសម្ព័ន្ធស្ពានទាំងនេះជាចលករជម្រុញការដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួល និងមមាញឹកបន្ថែមទៀត។

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ

ស្ពាននេះស្ថិតក្នុងដំណើរការសាងសង់នៅឡើយ ជាមួយការចំណាយថវិកាសរុប ៥៦លានដុល្លាអាមេរិក។ គម្រោងស្ពាននេះមានប្រវែងសរុប ១១៣១ ម៉ែត្រ និងទទឺង ១៣,៥ ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើត ឆ្ពោះទៅកាន់ត្រើយខាងលិច ខេត្តកំពង់ចាមក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គិតមកទល់សព្វថ្ងៃ ការសាងសង់សម្រេចបានប្រមាណជិត ៩០ ភាគរយហើយ គ្រោងនឹងបញ្ចប់ការស្ថាបនានៅក្នុងឆ្នាំ ២០២១ ខាងមុខ។ ការបើកការដ្ឋានសាងសង់ស្ពាននេះគឺចាប់តាំងពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃបើកការដ្ឋានសាងសង់ បានមានប្រសាសន៍ថា នេះគឺជាស្ពានទី ៣ ឆ្លងកាត់ទន្លេមេគង្គ ដែលត្រូវបានសាងសង់នៅក្នុងប្រទេសកម្ពុជា ជាជំនួយរបស់ចិន និងជាសក្ខីភាពនៃចំណងមិត្តភាពរវាងចិន និងកម្ពុជា។

ស្ពានគីហ្សូណា

ក្នុងនាមជាស្ពានទី ១ ដំបូងគេបំផុតនៅកម្ពុជាដែលស្ថាបនាឆ្លងកាត់ទន្លេមេគង្គ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ ២០០១។ គម្រោងសាងសង់ស្ពាននេះ បានចំនាយទឹកប្រាក់សរុបជាង ៥៦ លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលប្រទេសជប៉ុន។

ស្ពានគីហ្សូណាមានប្រវែងសរុប ១៥០០ ម៉ែត្រ ប្រភេទបេតុង និងធ្លាប់ទទួលបានចំណាត់ថ្នាក់ជាស្ពានវែងជាងគេបង្អស់នៅកម្ពុជា រហូតដល់ស្ពានកាត់ដៃសមុទ្រនៅខេត្តកោះកុងដែលមានប្រវែង ១៩០០ ម៉ែត្រ សាងសង់ឡើងនៅឆ្នាំ ២០០២។ ស្ពានគីហ្សូណា តភ្ជាប់តំបន់ភាគខាងកើត និងភាគខាងលិចប្រទេសកម្ពុជា តាមផ្លូវគោកជាលើកដំបូង។ ការសាងសង់ស្ពាននេះ បានចាប់ផ្ដើមនៅឆ្នាំ១៩៩៩ ហើយបានចំណាយរយៈពេល៣ឆ្នាំទើបរួចរាល់ជាស្ថាពរ។

ស្ពានកោះប៉ែន

ស្ពានកោះប៉ែននេះ មានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ កម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ និង អាចផ្ទុកទម្ងន់បានចន្លោះពី ២០ ទៅ ៣០តោន។ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រ ឃុំកោះមិត្ត ស្រុកកំពង់សៀម។

ស្ពានកោះប៉ែនបានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០១១ ហើយគឺជាស្ពានដែលសាងសង់ដោយកូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here