អភិបាលខេត្ត​កែប៖ រាល់​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ក្នុង​ខេត្ត​សុទ្ធតែ​ផ្តល់ប្រយោជន៍​ដល់៣ភាគី

0

ដោយៈ រ៉ា​ណេ​ត

កែបៈ អភិបាលខេត្ត​កែប លោក​សោម ពិសិដ្ឋ បាន​អះអាងថា រាល់​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ក្នុង​គ្រប់​វិស័យ​នៅ​ទូទាំង​ខេត្ត ជាពិសេស​ការអភិវឌ្ឍ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​អចលនទ្រព្យ​ដែល​គាំទ្រ​ដោយ​រដ្ឋបាលខេត្ត សុទ្ធតែ​បាន​ផ្តល់នូវ​ផលប្រយោជន៍ និង​ចំណេញ​ដល់៣ភាគី រួមមាន​រាជរដ្ឋាភិបាល អ្នកវិនិយោគ និង​ប្រជាពលរដ្ឋ។

លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ប្រាប់​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​មួយ​ជាមួយ​ក្រុមការងារ នៃ​គេហទំព័រ www.propertyarea.asia កាលពី​ល្ងាច​ទី១១ ខែតុលា ឆ្នាំ២០២០ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ជាច្រើន បាននិងកំពុង​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ខេត្ត ដែល​ភាគច្រើន​ស្ថិត​ជា​គម្រោង​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

លោក​បន្តថា “នៅក្នុង​ចំណោម​ក្រុមហ៊ុន ដែល​ចូលខ្លួន​មក​វិនិយោគ និង​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​នៅក្នុង​ខេត្ត​កែប ភាគច្រើន​ជា​គម្រោង​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​ជាប់មាត់​ព្រែក ឬ​នៅក្បែរ​តំបន់ភ្នំ​ដែលមាន​ទេសភាព​ស្រស់ស្អាត​បែប​ធម្មជាតិ” ។

លោក​បាន​មានប្រសាសន៍​បន្តទៀតថា ក្រៅពី​តំបន់​ដែលមាន​ភាពអំណោយ​ផល​ពី​ធម្មជាតិ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ខេត្ត​កែប​ក៏មាន​តំបន់​កោះ​ចំនួន១២ ដែលមាន​សក្ដានុពល​ក្នុងការ​វិនិយោគ​ផងដែរ ស្របពេល​ដែលមាន​ក្រុមហ៊ុន​ជាច្រើន កំពុងធ្វើការ​សិក្សា​លម្អិត​មុនពេល​បណ្តាក់​ទុនវិនិយោគ។

ជាមួយនឹង​ការលើកឡើង​ពី​សក្ដានុពល​ខាងលើនេះ លោក​អភិបាលខេត្ត​ក៏បាន​បញ្ជាក់​ពី​គោលការណ៍​សំខាន់​របស់​រដ្ឋបាលខេត្ត ក្នុងការ​គាំទ្រ​ទៅលើ​គម្រោង​វិនិយោគ​ផងដែរ​ថា “រាល់​គម្រោង​វិនិយោគ ដែល​ត្រូវ​បានទទួល​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត គឺ​សុទ្ធតែ​ធានាបាន​នូវ​ផលប្រយោជន៍​ថា អាច​ទទួលបាន​ទាំង៣ភាគី រួមមាន ផលចំណេញ​ដល់​រាជរដ្ឋាភិបាល ផលចំណេញ​ដល់​អ្នក​បណ្តាក់​ទុនវិនិយោគ និង​ផលចំណេញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផងដែរ” ។

បច្ចុប្បន្ន ខេត្ត​កែប ត្រូវបាន​ក្លាយជា​គោលដៅ​ទេសចរណ៍​កម្រិត​អន្តរជាតិ ដែល​ត្រូវបាន​យកចិត្ត​ទិ​ក​ដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល រួម​ជាមួយនឹង​គម្រោង​ក្នុងការ​បង្កើត​ទៅជា​ទីក្រុង​ទេសចរណ៍ ដ៏​មាន​សក្ដានុពល​នៅក្នុង​តំបន់ ជាពិសេស​ខេត្ត​កំពុង​ត្រៀមខ្លួន​រៀបចំ​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ២០២២ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here