ដោយ ៖ រ៉ាណេត
មណ្ឌលគីរី ៖ បច្ចុប្បន្ននេះ សម្រាប់ស្ថានភាព និងទីផ្សារអចលនទ្រព្យ ក៏ដូចជាវិស័យដីធ្លីនៅក្នុងខេត្តមណ្ឌលគីរី នៅតែមិនទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ខណៈដែលគម្រោងសាងសង់ព្រលានយន្ដហោះនៅមិនទាន់មានការកំណត់ពេលវេលាជាក់លាក់នៅឡើយ។
លោក សៅ សាខុំ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ Cambodian Estate Alliance (CEA) Co.,Ltd បានប្រសាសន៍ថា បច្ចុប្បន្ននេះមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនបានបង្ហាញវត្តមាននៅក្នុងខេត្តមណ្ឌលគីរី ដែលភាគច្រើនបម្រើដល់វិស័យទេសចរណ៍ និងកម្សាន្តបែបធម្មជាតិ។
លោកបានបញ្ជាក់ថា “មណ្ឌលគីរី គឺជាខេត្តដែលមានភាពទាក់ទាញទៅលើវិស័យទេសចរណ៍ ដែលសូម្បីតែគម្រោងវិនិយោគ និងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ក៏ផ្តោតសំខាន់ទៅលើការបម្រើសេវាដល់វិស័យទេសចរណ៍ដែរ ដែលក្នុងនោះរួមមានដូចជាផ្ទះសំណាក់ សណ្ឋាគារ និងផ្ទះលំហែរកាយជាដើម”។
លោកបន្តថា “ជាធម្មតា នៅពេលមានតម្រូវការសាងសង់ ឬអភិវឌ្ឍន៍ណាមួយដែលមានតម្រូវការប្រើប្រាស់ដី គឺតែងជម្រុញតម្លៃដីមានការកើនឡើង។ តម្លៃដីនៅកណ្តាលក្រុងស្ថិតនៅចន្លោះចាប់ពី ៣០០-៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយឡែកសម្រាប់ដីដែលមានទំហំធំសម្រាប់អភិវឌ្ឍន៍ជាតំបន់លំហែរកាយផ្សេងៗគិតជាមធ្យមមានតម្លៃស្ថិតនៅក្នុងចន្លោះ ១០-២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើជាទូទៅការទិញលក់ដីនៅតំបន់នេះគឺគេគិតជាម៉ែត្រដើរ”។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានមានប្រសាសន៍ថា ខេត្តមណ្ឌលគីរីមានសក្ដានុពលផ្នែកវិស័យទេសចរណ៍ធម្មជាតិ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យនៅក្នុងខេត្តនេះនៅមានកម្រិតនៅឡើយ។
លោកស្រីបានបញ្ជាក់ថា “សម្រាប់ទីផ្សារអចលនទ្រព្យនៅកណ្តាលខេត្ត ឬកណ្តាលក្រុងមានសកម្មសកម្មភាពទៅលើផ្នែកលំនៅដ្ឋាន ប៉ុន្តែតម្លៃដីមិនសូវថ្លៃខ្ពស់ដូចនៅខេត្តរតនៈគីរីនោះទេ។ ដោយឡែកសម្រាប់ការទិញលក់ដីក្នុងទ្រទ្រាយធំសម្រាប់បម្រើដល់វិស័យកសិកម្ម ឬកែច្នៃជាតំបន់កម្សាន្តផ្សេងៗវិញ អាចស្ថិតនៅក្នុងរង្វង់ ១៥០០០-២០០០០ ដុល្លារក្នុងមួយហិកតា។ តម្លៃនេះនៅធូរថ្លៃនៅឡើយ ដែលវាក៏នៅតែជាឱកាសល្អសម្រាប់អ្នកវិនិយោគ និងរកស៊ីនៅក្នុងវិស័យនេះ។
លោកស្រីបន្តថា “ខ្ញុំគិតថា ការប្រែប្រួលតម្លៃដី ឬកើនឡើងខ្ពស់ជាងនេះ គឺត្រូវការពេលវេលាយូរ អាចចន្លោះពី ២-៣ឆ្នាំទៅមុខទៀត ដោយសារតែវិសាលភាពនៃផ្ទៃដីនៅក្នុងខេត្តនៅធំទូលាយច្រើន”។
អភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍កាលពីពេលថ្មីៗថា បច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ដោយឯកជនសរុបមានចំនួន ១១ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, រមនា២, ជ្រៃយស់, ចំការកាហ្វេ , អូររមីស , ជ្រៃធំ,ដំណាក់ស្តេច,ក្បាលព្រះ ដែលជារៀងរាល់ឆ្នាំ ចាប់គិតពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ កំណើននៃចំនួនទេសចរជាតិ និងអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់។
ដោយឡែកសម្រាប់សេវាកម្មទេសចរណ៍មានច្រើទីតាំង រួមមានសណ្ឋាគារ ១១កន្លែង ផ្ទះសំណាក់ ៥១កន្លែង ម៉ូតែល ២កន្លែង, បឹងកាឡូ ១កន្លែង ភោជនីយដ្ឋាន និងអាហារដ្ឋាន ៣៤កន្លែង កន្លែងម៉ាស្សា ៤កន្លែង និងមានមគ្គុទេសក៍ទេសចរណ៍សហគមន៍សរុប ៧៥នាក់។ ក្រៅពីនេះ នៅមានគម្រោងវិនិយោគអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អភិរក្សធនធានធម្មជាតិ សរុបចំនួន ៤០គម្រោងទៀត ក្នុងនោះមាន ដែនជម្រកសត្វព្រៃកែវសីមា ១០គម្រោង, ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ០២គម្រោង និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ ២៨គម្រោង៕