ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ដោយគិតចាប់ពីដើមត្រីមាសទី២ ដល់ចុងត្រីមាសទី៣ ឆ្នាំ២០២០កន្លងទៅនេះ ចរន្តនៃការទិញលក់ រួមជាមួយនឹងសកម្មភាពអភិវឌ្ឍន៍នៅក្នុងខណ្ឌចំនួន៤ក្នុងចំណោមខណ្ឌទាំង១៤នៅទូទាំងរាជធានីភ្នំពេញ គេសង្កេតឃើញថានៅតែបន្តរក្សាបាននូវស្ថានភាពល្អប្រសើរ។
ផ្អែកតាមរបាយការណ៍ផ្លូវការរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia នៅដើមសប្ដាហ៍នេះបានបញ្ជាក់ថា ចាប់តាំងពីដើមត្រីមាសទី២ រហូតមកដល់ចុងត្រីមាសទី៣ ឆ្នាំ២០២០កន្លងទៅនេះ ក្នុងចំនោមខណ្ឌទាំង១៤ នៅទូទាំងរាជធានីភ្នំពេញ សម្ទុះនៃការសាងសង់ ក៏ដូចជាការទិញលក់អចលនទ្រព្យទ្រព្យ ដែលរួមមានដីធ្លី និងលំនៅដ្ឋានជាន់ផ្ទាល់ដីស្ថិតនៅក្នុងខណ្ឌចំនួន៤ នៅតែរក្សាបានស្ថានភាពល្អដដែល។
របាយការណ៍ដដែលបានបញ្ជាក់ថា ខណ្ឌចំនួន៤ដែលមានអត្រាល្អជាងគេនៅក្នុងទីផ្សារអចលនទ្រព្យ រួមមាន ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារ។ ដោយឡែកសម្រាប់ខណ្ឌសែនសុខ នៅតែបន្តទទួលបានចំណែកទីផ្សារនៃគំរោងថ្មីផងដែរ ដូចជាគម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋានជាន់ផ្ទាល់ដីប្រមាណ២៥ភាគរយបន្ថែមពីលើគម្រោងដែលមានស្រាប់។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ថា កំណើននៃតម្រូវការលើវិស័យលំនៅដ្ឋាន ជាពិសេសប្រភេទលំនៅដ្ឋានជាន់ផ្ទាល់ដី គឺនៅតែបន្តមានតម្រូវការដដែល ហើយតម្លៃលក់នៅក្នុងវិស័យនេះមិនបានបង្ហាញពីសញ្ញានៃការធ្លាក់ចុះនោះទេ ផ្ទុយទៅវិញគឺមានការកើនឡើងក្នុងរង្វង់ប្រមាណ ៥ ភាគរយ ដែលផ្ទុយពីតម្លៃប្រភេទផ្ទះវីឡាធំៗ ដែលមានការធ្លាក់ចុះបន្តិច គិតជាមធ្យមប្រមាណ៥ភាគរយបើធៀបទៅនឹងឆ្នាំកន្លងទៅ។
លោកស្រីបានបញ្ជាក់ឱ្យដឹងថា តាមរយៈទិន្នន័យ និងការវិភាគដែលមានភាពត្រឹមត្រូវ និងទូលំទូលាយមានសារៈសំខាន់ណាស់សម្រាប់ការសម្រេចចិត្ត ដែលបានជូនដំណឹងជាពិសេសនៅក្នុងទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសផ្តោតលើតំបន់នានានៅរាជធានីភ្នំពេញ។ របាយការណ៍នៃការទិញលក់អចលនៈទ្រព្យនៅទូទាំងរាជធានីភ្នំពេញ គឺជាវេទិកាថ្មីមួយដែលផ្តល់ជូនអតិថិជននូវលទ្ធភាពទទួលបានការស្រាវជ្រាវស៊ីជម្រៅដែលឈានមុខគេនៅក្នុងទីផ្សាររបស់ CBRE៕