ដោយ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងដាក់ចេញគោលនយោបាយចំនួន៣ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ឲ្យកាន់តែរលូន និងមានប្រសិទ្ឋភាពខ្ពស់។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ «ក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥–២០២៥ (Industrial Development Policy – IDP)» និងការរៀបចំនូវ «សូចនាករគន្លឹះកម្រិតយុទ្ធសាស្ត្រ និងកម្រិតវិស័យ» សម្រាប់ការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជានេះ។
កិច្ចប្រជុំនេះបានរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្ត IDP នេះ មាន គោលបំណង ទី១. រៀបចំឱ្យមានប្រព័ន្ធតាមដាន និងវាយតម្លៃការអនុវត្ត IDP ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ទី២ កំណត់អំពីដំណើរការ, វិធីសាស្រ្ត, យន្តការ និងស្ថាប័នទទួលខុសត្រូវក្នុងការរាយការណ៍, គ្រប់គ្រង និងវិភាគ ទិន្នន័យ និងការរៀបចំរបាយការណ៍តាមដាន និងវាយតម្លៃ។ ទី៣ កំណត់ពីបញ្ហាប្រឈមនិងហានិភ័យក្នុងការតាមដាននិងវាយតម្លៃ។
ក្នុងន័យនេះ ការតាមដាន និងវាយតម្លៃការអនុវត្ត IDP បានចែកចេញជា៣ កម្រិតដូចជា * កម្រិតយុទ្ធសាស្ត្រ ឬកម្រិតម៉ាក្រូ ផ្តោតលើចក្ខុវិស័យ រួមទាំងគោលបំណង និងគោលដៅ ជាលទ្ធផលចុងក្រោយ ឬរយៈពេលវែង (Final Outcome) ដែលជាបច្ច័យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម។ កម្រិតវិស័យ ផ្តោតលើក្របខណ្ឌយុទ្ធសាស្ត្រ ជាលទ្ធផលបន្ទាប់ ឬ រយៈពេលមធ្យម (Immediate Outcome) នៃគោលនយោបាយ និងកម្រិតប្រតិបត្តិ ផ្តោតលើវិធានការគន្លឹះបួនជាក់ស្ដែង និងវិធានការគោលនយោបាយ និងផែនការ សកម្មភាព ជាលទ្ធផលដំបូង ឬ រយៈពេលខ្លី (Outputs)។

ក្របខណ្ឌតាមដាន និងវាយតម្លៃនេះ នឹងដើរតួជាត្រីវិស័យក្នុងការរៀបចំ និងអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃការអនុវត្តន៍IDP ដ៏ពេញលេញមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានតម្លាភាព និងមានការចូលរួមពិគ្រោះយោបល់ពីគ្រប់តួអង្គពាក់ព័ន្ធ ដោយមានកំណត់នូវសូចនាករ និងគោលដៅថ្មីបន្ថែមទៀត ដែលអាចវាស់វែងបាន ហើយឆ្លើយតបទៅនឹងអាទិភាពនៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម។
ទោះបីជាយ៉ាងនេះក្តី សូចនាករសរុបមានចំនួនច្រើន ដែលទាមទារការពិនិត្យឡើងវិញផ្អែកលើទិដ្ឋភាពទិន្នន័យ និងភាពប្រទាក់ក្រឡាគ្នា ជាមួយនឹងគោលបំណង គោលនយោបាយ ដែលបានកំណត់ក្នុង IDP ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង–ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង និងចូលរួម យ៉ាងសកម្មក្នុងការរៀបចំ និងផ្តល់ធាតុចូលដ៏មានសារៈសំខាន់ ក្នុងការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃនេះ ព្រមទាំងលើកទឹកចិត្តដល់ក្រសួង–ស្ថាប័នពាក់ព័ន្ធ បន្តខិតខំអនុវត្ត និងផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយ ស្មារតីយកចិត្តទុកដាក់ខ្ពស់ តាមមុខសញ្ញា និងភាពពាក់ព័ន្ធរៀងៗខ្លួន៕






