កម្ពុជាគ្រោងប្រើប្រាស់ឧស្ម័នធម្មជាតិចំនួន៣៦០០ម៉េហ្គាវ៉ាត់ចាប់ពីឆ្នាំ២០២៧ដល់ឆ្នាំ២០៣០

0

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជាគ្រោងប្រើប្រាស់ឧស្ម័នធម្មជាតិចំនួន៣៦០០ម៉េហ្គាវ៉ាត់ ចាប់ពីឆ្នាំ ២០២៧ ដល់ឆ្នាំ២០៣០ ដើម្បីឆ្លើយតបទៅកំណើនសេដ្ឋកិច្ច និងសេចក្តីត្រូវលើកគ្រប់វិស័យ ខណៈលទ្ធផលនៃតម្រូវការថាមពលនៅឆ្នាំ ២០២០នេះបានថយចុះក្នុងរង្វង់១០ បើធៀបនឹងការព្យាករលើកមុន ដែលបង្កឡើងដោយជំងឺកូវីដ១៩។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែមបានមានប្រសាសន៍ក្នុងសន្និសីទស្តីពីផលិត និងអ្នកប្រើប្រាស់ឧស្ម័នធម្មជាតិលើកទី៩ ឆ្នាំ២០២០ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបសប្រទេសជប៉ុន តាមប្រព័ន្ធអនឡាញ កាលពីម្សិលមិញនេះឱ្យដឹងថា ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាទំនងនឹងថយចុះមក ២១ ដល់, ៥ភាគរយ នៅក្នុងឆ្នាំ២០២០នេះ ហើយសម្រាប់លទ្ធផលនៃតម្រូវការថាមពលត្រូវបានរំពឹងថា នឹងថយចុះក្នុងរង្វង់១០ភាគរយ បើធៀបនឹងការព្យាករណ៍លើកមុន។

លោកថ្លែងថា ផលប៉ះពាល់ពីជំងឺកូវីដ ១៩លើតម្រូវការថាមពល ត្រូវបានក្រសួងរ៉ែ និងថាមពលគិតឡើងវិញ នូវរបាយថាមពលជាមួយនឹងប្រភេទឥន្ទនៈ  ដែលត្រូវប្រើប្រាស់នាពេលអនាគត ដើម្បីបំពេញនូវសេចក្តីត្រូវការអគ្គិសនី  និងសេចក្តីត្រូវការចំពោះវិស័យផ្សេងៗទៀត

លោកបន្តថា ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជា បានធ្វើបច្ចុប្បន្នភាពផែនការថាមពលរបស់ខ្លួន សម្រាប់ឆ្នាំ២០២០ដល់ឆ្នាំ២០៣០ ដោយក្នុងនោះយើងគ្រោងថា នឹងប្រើប្រាស់ឧស្ម័នធម្មជាតិ ក្នុងការផលិតថាមពលអគ្គិសនី ក្នុងចំណែកមួយដ៏ធំក្នុងទំហំ៣៦០០ មេហ្គាវ៉ាត់ចាប់ផ្តើមពីឆ្នាំ ២០២៧ ដល់ឆ្នាំ២០៣០។

លោកស៊ុយ សែមបន្ថែមថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីការថយចុះនៃការរីករាយដាលជាសកល នៃជំងឺកូវីដ១៩។ លោកបន្តថា ដូចនេះសេចក្តីត្រូវការថាមពលរបស់កម្ពុជា រំពឹងថា នឹងមានសន្ទុះ ខ្លាំងឡើងវិញក្នុងនោះឧស្ម័នធម្មជាតិ ដើរតួនាទីយ៉ាងសំខាន់សម្រាប់របាយប្រភពថាមពលនៅកម្ពុជា ជាពិសេសក្នុងការផលិតថាមពល ការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ការដឹកជញ្ជូន ពាណិជ្ជកម្ម និងលំនៅឋាន

លោកបន្ថែមទៀតថា ជាមួយគ្នានេះកម្ពុជានឹងក្លាយទៅជាប្រទេស ប្រើប្រាស់ប្រភថាមពលឧស្ម័នដ៏មានសក្តានុពលមួយនៅក្នុងតំបន់។តែយ៉ាងណាក៏ដោយការរីករាលនៃជំងឺកូវីដ១៩បានជំរុញឱ្យមានការធ្លាក់ចុះតម្លៃឧស្ម័ននិងប្រេងនិងមានកំណើនយឺតព្រមជាមួយនឹងការប្រឈមទៅសង្គ្រាមតម្លៃប្រេងនៅក្នុងទីផ្សារផងដែរដែលប៉ះពាល់ដល់ប្រទេសជាអ្នកផលិតដែលធ្លាប់មានពីមុននៅក្នុងប្រវត្តិសាស្ត្រ។

លោកបញ្ជាក់ទៀតថា បើទោះបីស្ថិតនៅក្នុងស្ថានភាពបែបនេះ តម្លៃឧស្ម័នធម្មជាតិ ត្រូវមានតម្លៃមួយដែលថេរ និងអាចព្យាករណ៍បាន ។ ជាមួយគ្នានេះដែរប្រទេសកម្ពុជាចង់ឃើញការប្រើប្រាស់ ឧស្ម័នធម្មជាតិមួយប្រកបដោយប្រសិទ្ធិភាព និងអាចទុកចិត្តបាន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៅក្នុងតំបន់ប្រកបដោយចីរភាព

LEAVE A REPLY

Please enter your comment!
Please enter your name here