ដោយៈសុផល
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៣ខែតុលា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងកំណត់យកឃ្លា ប្រយោគ និងនិយមន័យឲ្យបានគ្រប់ជ្រុងជ្រោយស៊ីជម្រៅបន្ថែមទៀត ក្នុងនោះអង្គប្រជុំបានឯកភាព និងសម្រេចកែសម្រួលអត្ថន័យ តាមមាត្រានីមួយៗឱ្យមានខ្លឹមសារគ្រប់គ្រាន់។
ច្បាប់នេះមានគោលបំណងគ្រប់គ្រងនិងអភិវឌ្ឍន៍កំពង់ផែជំរុញពាណិជ្ជកម្មជាតិនិងអន្តរជាតិដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងរក្សាបាននូវសណ្ដាប់ធ្នាប់សម្រាប់ការអភិវឌ្ឍកំពង់ផែផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាកំពង់ផែផ្តល់កាលានុវត្តភាពដល់ការវិនិយោគប្រកួតប្រជែងប្រកបដោយសមធម៌ធានាសុវត្ថិភាពសន្តិសុខកំពង់ផែនិងរួមចំណែកការពារបរិស្ថាន។
លោកទេសរដ្ឋមន្ត្រីប្រធានអង្គប្រជុំ បានស្នើឱ្យក្រុមការងារជំនាញបច្ចេកទេសពិនិត្យបន្ថែម និងសិក្សាពាក្យ ឃ្លា ប្រយោគឱ្យបានល្អិតល្អន់ស៊ីជម្រៅ ជាពិសេសឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសិក្សាគំរូច្បាប់របស់ប្រទេសនានា និងថ្លឹងថ្លែងប្រៀបធៀប ដើម្បីជាមាគ៌ាក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមការងារជំនាញពិនិត្យមើលខ្លឹមសារនៃច្បាប់ធ្វើយ៉ាងណាកុំឲ្យច្បាប់ស្ដីពីកំពង់ផែនេះប្រាស់ចាកពីខ្លឹមសារច្បាប់អន្តរជាតិ និងច្បាប់របស់បណ្តាប្រទេស ផ្សេងទៀតផងដែរ។
នៅកម្ពុជាកំពង់ផែទន្លេសរុបទាំងអស់ចំនួន៧៨កំពង់ផែ ស្ថិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា។ ដោយឡែកកំពង់ផែសមុទ្រមាន ចំនួន២៧។ មុខងារកំពង់ផែទាំងនោះ ត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំងនោះ មានតួនាទីសំខាន់ណាស់ នៅក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តំបន់ និងអន្តរជាតិ៕







