ដោយ ហ្សូលី
ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានកើនឡើងរហូតដល់៤២៩៤លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ គឺកើនឡើង១៥,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមស្ថិតិពីការិយាល័យជំរឿនសហរដ្ឋអាមេរិកបានឲ្យដឹងថា គិតចាប់តាំងពីខែមករា រហូតមកដល់ខែសីហា កម្ពុជាបាននាំចេញផលិតផលដែលមានតម្លៃ៤០៩៦ លានដុល្លារអាមេរិក ទៅកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ច ធំបំផុតរបស់ពិភពលោក។ ចំនួននេះកើនឡើងប្រមាណ២២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ កន្លងទៅ។
កម្ពុជាបាននាំចូលទំនិញ ដែលមានទឹកប្រាក់សរុប៣៥៥លានដុល្លារ ពីសហរដ្ឋអាមេរិក ពោលគឺធ្លាក់ចុះ៤៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
គ្រាន់តែក្នុងខែសីហាកន្លងមក ទំហំពាណិជ្ជកម្មទ្វេភាគី មានតម្លៃ៧២៣,៧លានដុល្លារកើនឡើង ៩ភាគរយ បើប្រៀបធៀបនឹងខែសីហាឆ្នាំ ២០១៩។ ក្នុងចំណោមទិន្នន័យនេះ ទឹកប្រាក់ប្រមាណ៦៩៥លានដុល្លារ គឺជាការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។
ប្រទេសកម្ពុជាបាននាំចេញនូវទំនិញវាយនភណ្ឌជាច្រើនដូចជា ស្បែកជើង ទំនិញសម្ភារៈធ្វើដំណើរ និងផលិតផលកសិកម្ម ទៅកាន់សហរដ្ឋអាមេរិក។ រីឯទំនិញដែលបាននាំចូលពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ មានដូចជា យានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន ជាដើម។
កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់ទំហំទឹកប្រាក់ចំនួន៥,៨ពាន់លានដុល្លារអាម៉េរិក កើនឡើង៣៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕







