ដោយៈ រ៉ាណេត
កំពតៈ គម្រោងអភិវឌ្ឍន៍ជាតំបន់កម្សាន្ត និងលំហែរកម្រិតខ្ពស់ប្រចាំខេត្ត “កំពតឋានសួគ៌” ដែលចំណាយដើមទុន ក្នុងវិនិយោគជាច្រើនលាន់ដុល្លារ គ្រោងនឹងចាប់បើកដំណើរជាផ្លូវការនៅត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០២ឆាប់ៗខាងមុខនេះ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ទេសចរជាតិ និងអន្តរជាតិ។
លោកឧកញ៉ានួន អកម្ចាស់គំរោងអភិវឌ្ឈន៍គំរោងនេះបានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា កំពតជាខេត្តមួយដែលមានសក្ដានុពល និងអំណោយផលពីធម្មជាតិ ដែលក្រៅពីទីតាំងភូមិសាស្ត្រល្អជាតំបន់សមុទ្រ និងមានដៃសមុទ្រកាត់ខ្វាត់ខ្វែង នៅកៀកភ្នំពេញ ដែលមានភាពងាយស្រួល និងចំណាយពេលតិចក្នុងការធ្វើដំណើរ ហើយតម្លៃដីនៅទាបនៅឡើយ បើប្រៀបធៀបទៅនឹងខេត្តព្រះសីហនុ ដែលផ្តល់ភាពងាយស្រួលដល់អ្នកអភិវឌ្ឍន៍ និងមានឱកាសទទួលបានចំណេញច្រើនពីការវិនិយោគ។
លោកឧកញ៉ាបានបន្តថា “តាមរយៈភាពល្អប្រសើរនៃកត្តាភូមិសាស្ត្រ ជាពិសេសភាពអំណោយផលពីធម្មជាតិ ទៅលើវិស័យទេសចរណ៍ ខ្ញុំជឿជាក់ថា នៅថ្ងៃអនាគតខាងមុខដ៏ខ្លីនេះ ខេត្តកំពតនឹងទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនជាក់ជាមិនខាន ខណៈដែលបច្ចុប្បន្ននេះមានអ្នកវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនចំណាយដើមទុនជាច្រើនលានដុល្លារលើការវិនិយោគ និងកែច្នៃជាតំបន់កម្សាន្តបែបធម្មជាតិជាច្រើនទីតាំង” ។
លោកឧកញ៉ានួន អក បានមានប្រសាសន៍ប្រាប់ឱ្យថា នៅក្នុងចំណោមគម្រោងអភិវឌ្ឍន៍ និងកែច្នៃបង្កើតជាតំបន់កម្សាន្តលំហែរកាយបែបធម្មជាតិ នៅតំបន់ដែលមានជួរព្រៃភ្នំ ដងស្ទឹង ក៏ដូចជាដៃសមុទ្រជាច្រើនគម្រោងនោះ លោកក៏បានបោះដើមទុនជាច្រើនលានដុល្លារ ក្នុងការវិនិយោគបង្កើតតំបន់កម្សាន្ត និងលំហែរនៅក្នុងខេត្តកំពតផងដែរ ដោយមានឈ្មោះថា កំពតឋានសួគ៌ ស្ថិតនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។
លោកឧកញ៉ាបញ្ជាក់ថា “គម្រោងមួយនេះគឺមានទំហំធំធេង និងត្រូវបានបែងចែកជាតំបន់កម្សាន្តផ្សេងៗគ្នាជាច្រើន មិនតិចជាង៥នោះទេ ដូចជា តំបន់កម្សាន្តសួនផ្កាឈូករ័ត្ន តំបន់កម្សាន្ត និងលំហែរព្រៃកោងកាង ភោជនីយដ្ឋាន តំបន់ផ្ទះលំហែរ និងសណ្ឋាគារ ដែលនៅថ្ងៃអនាគត អាចសាងសង់រហូតដល់ប្រមាណ១០០០បន្ទប់” ។
លោកឧកញ៉ាបានបញ្ជាក់ថា “ជាគោលដៅនៃភាពជោគជ័យរបស់គម្រោងគឺការប្រមូលផ្តុំនូវមនុស្ស ឱ្យទៅរស់នៅក្នុងតំបន់ដ៏ស្រស់ស្អាតមួយនេះ បានកាន់តែច្រើន រួមជាមួយនឹងការបង្កើតជាទីប្រជុំជន ដែលក្រៅពីជាតំបន់កម្សាន្ត ថែមទាំងអាចអនុញ្ញាតឱ្យបងប្អូនប្រជាជនមានការងារធ្វើ កាត់បន្ថយការចំនាកស្រុក ហើយអាចផ្តល់ប្រាក់ចំណូលចូលគ្រួសារ យ៉ាងហោចណាស់១០០០ដុល្លារក្នុងមួយខែ ក៏ដូចជាអាចផ្តល់ចំណូលដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ” ។
នៅទីនេះត្រូវបានហ៊ុំព័ទ្ធ ទៅដោយខ្សែទឹកសមុទ្រទាំងរដូវប្រាំង ទាំងរដូវវស្សា មានហ្វូងសត្វស្លាបទឹក ជាពិសេសមានដើមរុក្ខជាតិ ព្រៃកោងកាងនៅជុំយ៉ាងស្រស់ស្អាត ដែលនៅពេលអនាគត កំពតឋាន អាចនឹងកា្លយជាតំបន់ទេសចរណ៍ឈានមុខគេ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាផ្តល់ការងារជូនដល់ប្រជាពលរដ្ឋទូទៅប្រមាណ១០០០នាក់ ខណៈដែលគម្រោងដ៏អស្ចារ្យប្រចាំខេត្តកំពតមួយនេះ នឹងបើកសម្ពោធដំណើរការជាផ្លូវការនៅត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕