ដោយវុត្ថា
អៀរឡង់៖ ក្រុមប្រឹក្សាក្រុង Cork របស់ប្រទេសអៀរឡង់ (Cork City Council) បានចេញសេចក្តីសម្រេចឱ្យមានការអភិវឌ្ឍន៍ក្រុងកំពង់ផែចំណាស់មួយ (Port of Cork) ក្នុងទំហំថវិកាចំនួន ១៤០ ផោន រូមជាមួយនឹងការសាងសង់អគារខ្ពស់ជាងគេនៅក្នុងប្រទេស។

តាមការចុះផ្សាយរបស់ គេហទំព័ត៌មាន www.rte.ie បានឱ្យដឹងថា
អគារដែលនឹងត្រូវសាងសង់នេះ នៅ Custom House Quay នឹងមានកម្ពស់ ១៤០ ម៉ែត្រឬ ៣៤ ជាន់និងមានសណ្ឋាគារលំដាប់ផ្កាយ ៥ និង ២៤១ បន្ទប់។
ក្រុមហ៊ុនអភិវឌ្ឍន៍អគារ Tower Holdings បានសម្តែងការស្វាគមន៍ចំពោះព័ត៌មានចំពោះការអនុញ្ញាតិឱ្យមានការសាងសង់អគារប្រើប្រាស់ចម្រុះនេះ មានទំាងផ្សារទំនើប និងមជ្ឈមណ្ឌលសម្រាប់ភ្ញៀវទេសចរដោយផ្តោតសំខាន់លើវប្បធម៌ និងបេតិកភណ្ឌសមុទ្រ។
មន្ត្រីរដ្ឋបាលក្រុង Cork បានឱ្យដឹងថា “យើងបានធ្វើការយ៉ាងជិតស្និតជាមួយនឹង ក្រមប្រឹក្សាក្រុង (Cork City Council) ក្នុងការរៀបចំប្លង់ ដើម្បីធានា ថា បានបំពេញនូវរាល់តម្រូវការទាំងអស់ជាពិសេសទាក់ទងនឹងវិធីអភិរក្ស និងសមាហរណកម្មឆ្ពោះទៅរកអគារប្រវត្តិសាស្រ្តដែលមានស្រាប់” ។
មន្ត្រីរូបនោះថ្លែងថា “ឥឡូវនេះ យើងត្រូវពិនិត្យឱ្យបានពេញលេញនូវលក្ខខណ្ឌនៃការធ្វើផែនការ និងចំណុចជាក់លាក់មួយចំនួនដើម្បីបង្កើតប្រសិទ្ធភាពទៅលើគ្រោងការណ៍នេះ”។
ក្រុមប្រឹក្សាក្រុង ក៏បានដាក់ចេញនូវផែនការកែលម្អរអគារ ប្រវត្តិសាស្ត្រ Custom House ដែលនឹងរៀបចំឱ្យមានឃ្លាំងផ្ទុកទំនិញ ហើយនឹងត្រូវបើកជាសាធារណៈជាលើកដំបូងរបស់ខ្លួន។
បច្ចុប្បន្នអគារខ្ពស់ជាងគេរបស់ប្រទេសអៀរឡង់គឺជា អគារ Capital Dock ដែលមានកម្ពស់ ២២ ជាន់នៅទីក្រុង Dublin ។






