កញ្ចប់ហិរញ្ញប្បទាន ៥០លានដុល្លារ ជួយគាំទ្រវិស័យ SME ប្រើប្រាស់អស់ជាង ៥០ភាគរយហើយ

0

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម ចំនួន ៥០ លានដុល្លារ គិតមកទល់បច្ចុប្បន្ននេះ បានប្រើប្រាស់អស់ជាង ៥០ភាគរយហើយ។ នេះបើតាមឱ្យដឹងពីអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា កញ្ចប់ថវិកាហិរញ្ញប្បទានពិសេសរបស់រដ្ឋាភិបាល សម្រាប់ការជួយគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ ១៩ គិតមកទល់សព្វថ្ងៃ កំពុងអភិវឌ្ឍន៍ និងដំណើរការទៅដោយរលូន ដែលអាចឆ្លើយតបមកវិញជាបណ្តើរៗ នៅក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចសកល និងជំងឺរាតត្បាតដ៏សាហាវនេះ។

លោកបន្តថា ហិរញ្ញប្បទានពិសេសចំនួន ៥០លានដុល្លារនេះ អនុវត្តលើការជួយសហគ្រាសធុនតូច និងមធ្យម បានជាង ៥០ភាគរយហើយ និងកំពុងផ្តល់បន្ថែមសម្រាប់សហគ្រាសផ្សេងៗ ក្នុងការយកកញ្ចប់ថវិកាទៅប្រកប និងពង្រឹងអាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះ លោក កៅ ថាច បានរៀបរាប់បន្ថែមឱ្យដឹងថា យោងតាមការសង្កេត និងតាមដានជាប្រចាំចំពោះសហគ្រាសដែលទទួលយកថវិកាទៅអភិវឌ្ឍន៍រួចហើយនោះ មានការរីកចម្រើនប្រព្រឹត្តទៅដោយរលូន នៅក្រោមគម្រោងដែលគិតគូរយ៉ាងហ្មត់ចត់ពីខាងរាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីជំនួសការនាំចូលនៅក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលវិបត្តិកូវីដ ១៩ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកាពិសេសតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ផ្តល់ទៅវិស័យឯកជន វិស័យសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម និងវិស័យឧស្សាហកម្ម និងកសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here