ទំនាក់ទំនងរវាងចិន និងឡាវកាន់តែមានភាពស្អិតល្មួតជាងមុន

0

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ ទីប្រឹក្សា និងជាប្រមុខការទូតបរទេសរបស់ចិន លោក វ៉ាង យី បានជួបពិភាក្សាគ្នាជាមួយនឹងដៃគូប្រទេសឡាវនៅក្នុងទីក្រុងវៀងច័ន្ទ ដែលជារដ្ឋធានីរបស់ប្រទេសឡាវ កាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ ២០២០កន្លងទៅ បន្ទាប់ពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនបានបញ្ចប់។

ភាគីទាំងពីរបានព្រមព្រៀងក្នុងការបង្កើនទំនាក់ទំនងឱ្យកាន់តែមានភាពជិតស្និទ្ធ និងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងបើកចំហសេដ្ឋកិច្ចតាមរយៈគម្រោងផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលជាការផ្តួចផ្តើមរបស់ប្រមុខរដ្ឋាភិបាលចិន លោក ស៊ី ជីនពីង។

ចិនបានផ្តល់ជូនការកាត់បន្ថយពន្ធសម្រាប់ផលិតផលចំនួន ៩៧ ភាគរយ ដែលជាទំនិញនាំចូលពីបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ដូចជា កម្ពុជា មីយ៉ាន់ម៉ា និងឡាវ។

គម្រោងដ៏សំខាន់មួយទៀតនោះគឺជាគម្រោងផ្លូវដែកល្បឿនលឿនឡាវ-ចិន គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ខ្សែផ្លូវដែកនេះនឹងរត់ចេញពីទីក្រុងគុនមីង រដ្ឋធានីនៃខេត្តយុនណាន ប្រទេសចិន ឆ្ពោះទៅកាន់ទីក្រុងវៀងច័ន្ទ រដ្ឋធានីរបស់ឡាវ។

គម្រោងនេះត្រូវការជាបន្ទាន់ ព្រោះប្រទេសឡាវបច្ចុប្បន្នមានតែផ្លូវដែកតូចចង្អៀត ដែលមានប្រវែងប្រមាណ ៣.៥គីឡូម៉ែត្រ តែប៉ុណ្ណោះ ដែលវាមិនអាចឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ឡាវបានឡើយ។ ចំណែកការធ្វើដំណើរតាមរយៈរថយន្តក្រុង មិនទាន់ចិត្តនោះទេ ដូច្នេះផ្លូវដែកនេះនឹងផ្តល់ឱ្យនូវការអភិវឌ្ឍដែលមិនអាចប្រកែកបាន។

ប្រទេសឡាវទទួលបានប្រាក់កម្ចីពីរដ្ឋាភិបាលចិនជាថ្នូរនឹងការគាំទ្រផ្នែកនយោបាយលើបញ្ហាដូចជាតៃវ៉ាន់។ រីឯក្រុមហ៊ុនចិនវិញទទួលបានអត្ថប្រយោជន៍ធនធានពីឡាវ និងទទួលបានការដឹកជញ្ជូនពីចិនឆ្លងកាត់ពីប្រទេសឡាវឆ្លងទៅកាន់ប្រទេសថៃ។

ប្រទេសឡាវតែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយសាធារណរដ្ឋប្រជាមានិតចិន និងបានចាប់ដៃគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ បន្ទាប់ពីចិនអាចផ្សារភ្ជាប់ទៅនឹងធនធានរបស់ចិននេះ ហៅថា ពាណិជ្ជកម្ម។ ថ្វីត្បិតតែឡាវជាប្រទេសក្រីក្រ ប៉ុន្តែធនធានធម្មជាតិគឺសម្បូរទៅដោយ មាស វ៉ែ សំណប៉ាហាំង ទង់ដែង ប្រេង និងឧស្ម័ន។

តាមទស្សនៈភូមិសាស្រ្ត និងសេដ្ឋកិច្ច ការកើនឡើងនៃការភ្ជាប់ទំនាក់ទំនងរវាង ចិន ឡាវ និងថៃ គឺមិនមានអ្វីចម្លែកឡើយ។

យោងតាមអ្នកអង្កេតការណ៍នៃភាពស្មុគស្មាញវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៨ បានបង្ហាញឱ្យឃើញថា ការនាំចេញរបស់ឡាវប្រមាណជាង ៥០ ភាគរយ ចេញទៅថៃ និងជាង ៣១ ភាគរយទៅកាន់ប្រទេសចិន។ ដូច្នេះការបង្កើនការតភ្ជាប់រវាងចិន ឡាវ និងថៃ គឺនឹងជួយពង្រឹងកម្លាំងស្នូលសេដ្ឋកិច្ចរបស់ឡាវ ដែលផ្តល់លទ្ធភាពឱ្យមានសមត្ថភាពលើការធ្វើគម្រោងអភិវឌ្ឍផ្សេងៗទៀត៕ CGTN

LEAVE A REPLY

Please enter your comment!
Please enter your name here