JETRO ប្តេជ្ញាជួយទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO បានបង្ហាញនូវជំហរក្នុងការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ជាពិសេសការជួយទាក់ទាញវិនិយោគិនរបស់ជប៉ុនមកកាន់កម្ពុជា តាមរយៈការបង្កើតឱ្យមានការផ្គូរផ្គងអាជីវកម្មរវាងវិនិយោគិនកម្ពុជា-ជប៉ុន ។

លោក Masahiro Miyao ប្រធានតំណាងប្រចាំកម្ពុជា នៃអង្គការ JETRO នៅក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា ដែលអណត្តិបេសកកម្មនៅកម្ពុជាក្នុងខែតុលា ឆ្នាំ២០២០ នេះ ជាមួយលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីម្សិលមិញនេះ បានបង្ហើបពីគម្រោង និងផែនការរបស់រដ្ឋាភិបាលជប៉ុនលើការវិនិយោគផ្នែកឧស្សាហកម្មនៅក្រៅប្រទេស។

លោកថ្លែងថា “ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុនបានដាក់ចេញផែនការលើកទឹកចិត្ត សម្រាប់វិស័យឧស្សាហកម្មក្រៅប្រទេស និងការគាំទ្រផ្នែកសហគ្រាសធុនតូច និងមធ្យម ដែលជាឱកាសល្អមួយសម្រាប់ភាគីទាំងពីរ (កម្ពុជា-ជប៉ុន) ត្រូវរិ:រកមធ្យោបាយសមស្របសម្រាប់ការរៀបចំពិធីការផ្គូរផ្គងអាជីវកម្ម និងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ទោះក្នុងកាលៈទេសៈដែលពិភពលោកកំពុងយាយីដោយមេរោគឆ្លងCovid-19 ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកកម្មការងាររបស់លោក Masahiro Miyao រយៈពេលជាង២ឆ្នាំកន្លងទៅនេះ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរផ្នែកសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា ។

លោកបន្តថា ដោយឡែក ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកក៏បានដើរតួរយ៉ាងសំខាន់លេីវិស័យទឹកស្អាត និងការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម ស្របពេលដែលលោកមានតំណែងមួយទៀតជាអគ្គលេខាធិការនៃអង្គការ JBAC ជប៉ុន។

លោក ចម ប្រសិទ្ធ ក៏បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ថ្មីប្រចាំកម្ពុជា ដោយសង្ឃឹមថា ក្នុងអាណត្តិបំពេញការងាររបស់លោកស្រី នឹងពង្រឹងបានថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការបន្តលេីកកំពស់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែប្រសេីររវាងកម្ពុជា-ជប៉ុន ជាពិសេសការទាក់ទាញការវិនិយោគដោយផ្ទាល់ពីជប៉ុនមកកម្ពុជា ឲ្យបានកាន់តែច្រើនឡើង។

លោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ក៏បានបង្ហាញនូវជំហរបន្តកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ។

លោកស្រីបន្តថា ទោះបីការរាតត្បាតនៃជំងឺ Covid-19 នៅបន្តគំរាមកំហែង ប៉ុន្តែទំនាក់ទំនងនៃភាគីទាំងពីរមិនអាចថមថយបានឡើយ ។ លោកស្រីបន្តថា កិច្ចការអ្វីៗជាច្រើនយើងត្រូវធ្វេីតាមប្រព័ន្ធ Online ដែលវាជាវិស័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះ សម្រាប់ឈានទៅសម្រេចកិច្ចការសំខាន់ៗតាមការគ្រោងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here