លោក ស៊ុន ចាន់ថុល៖ ជំនួយឥតសំណង និង ហិរញ្ញប្បទានរបស់ចិនសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅកម្ពុជាក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការផ្តល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសចិនសម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា បាននិងកំពុងមានសក្ដានុពលជាច្រើន ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងយ៉ាងដូច្នេះតាមរយៈការថ្លែងសុន្ទរកថាតាមវីដេអូ នៅក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឈូងសមុទ្រ Pan-Beibu លើកទី១១ និងសន្និសីទកិច្ចសហប្រតិបត្តិការកំពង់ផែនៃសាធារណរដ្ឋប្រជាមានិតចិន និងអាស៊ានឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង ខេត្វក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០នេះ ។

លោកទេសរដ្ឋមន្ត្រីថ្លែងថា វេទិកា និងសន្និសីទកំពង់ផែនេះ គឺជាយន្តការមួយសម្រាប់កសាងនូវបណ្តាញ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការនៅក្រោមភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន ដើម្បីទាញយកផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចិន និងកិច្ចព្រមព្រៀងទ្វេភាគី។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ទៀតថា នេះមិនមែនជាពេលដែលចោទទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកទេ គឺជាពេលដែលពិភពលោកត្រូវរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនូវជំងឺកូវីដ១៩ និងពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងគ្នា ដើម្បីជំរុញនូវកំណើនសេដ្ឋកិច្ចពិភពលោក និងជៀសវាងឱ្យបាននូវការវិលត្រឡប់ទៅរកការដាក់នូវរបាំង ឬវិធានការនានា ដែលរិតត្បិតដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិដោយសេរី។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងកន្លងមកនេះថា ប្រទេសចិន បានឈរនៅក្នុងលំដាប់លេខរៀងទី ១នៃការផ្តល់នូវកម្ចី និងហិរញ្ញប្បទាន ដ៏ច្រើនដល់ប្រទេសកម្ពុជាក្នុងការស្តារ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ។

បើតាមលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងហេដ្ឋារនាសម្ព័ន្ធផ្លូវ និងស្ពាននានា ដែលកសាងសាងដោយក្រុមហ៊ុន ចិន និងជំនួយ និងហិរញ្ញវប្បទានរបស់ចិន មានប្រវែងជិត ៣០០០ គីឡូម៉ែត្រ នៅទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានឱ្យដឹងដែរថាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ ខ្សែ មានប្រវែងសរុប ២,៧៧៩ គីឡូម៉ែត្រ គម្រោងកំពុងសាងសង់មានចំនួន0៥ ខ្សែ មានប្រវែង ប្រមាណ ៤៩៧,២០ គីឡូម៉ែត្រ។

សម្តេចបន្តថា ចំណែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ០៨ ស្ពាន មានប្រវែងសរុប ៧,៤៣៤ ម៉ែត្រ និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here