គោលនយោបាយរបស់រដ្ឋាភិបាល និងការគាំទ្រពីកម្ចីពីធនាគារនឹងជួយជំរុញឱ្យមានកំណើនវិស័យអចលនទ្រព្យ

0

ដោយវុត្ថា

ភ្នំពេញ៖ ដោយមានការគាំទ្រពីគោលនយបាយរបស់រាជរដ្ឋាភិបាល និងការគាំទ្រកម្ចីពីធនាគារនានានៅក្នុងប្រទេសកម្ពុជា នឹងជួយជំរុញឱ្យមាននិរន្តរភាពលើវស័យអចលនទ្រព្យ និង ជួយជំរុញឱ្យមានកំណើនផងដែរ បើទោះបីកម្ពុជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកល។

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា ប្រាប់គេហទំព័រ propertyare.asia កាលពីពេលថ្មីៗនេះថា វិស័យអចលនទ្រព្យបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងចាប់តាំពីដើមឆ្នាំ ២០២០នេះ (ការរីករាលដាលនៃជំងឺកូវីដ ១៩ ) តាមរយៈការធ្លាក់ចុះនូវការទិញលក់ ហើយបច្ចុប្បន្ននេះ វិនិយោគិនក្នុងវិស័យអចលនទ្រព្យ មានតែនៅក្នុងស្រុក។

លោកបន្តថា សម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ខ្ញុំមិនទាន់ហ៊ានព្យាករថា យ៉ាងមិចនោះទេនាពេលអនាគត ខណៈដែលពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងព្យាបាលជំងឺកូវីដ ១៩ដែលមានភាពមិនប្រកដប្រជានោះទេ ។ ប៉ុន្តែ សម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមានសកម្មភាព ដោយសារមានការគាំទ្រពីអតិថិជននៅក្នុងស្រុក ។

លោកបន្ថែមទៀតា “មួយវិញទៀត ដោយសារមានការគាំទ្រ ពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយដីធ្លី និងមួយទៀត ការគាំទ្រពីធនគារនៅក្នុងស្រុក ដោយនៅតែបន្តផ្តល់កម្ចីនៅក្នុងវិស័យអចលនទ្រព្យ ហើយនេះគឺជារឿងល្អ ដែលធ្វើឱ្យវិស័យនេះនៅតែមានភាពល្អប្រសើរ បើទោះបីស្ថិតនៅក្នុងវិបត្តិយ៉ាងណាក៏ដោយ” ។

លោកបញ្ជាក់ទៀតថា “នៅក្នុងវិបត្តិនេះ យើងឃើញសកម្មភាពទិញលក់លើវិស័យដីធ្លីនៅក្នុងប្រទេសនៅតែមាន ប៉ុន្តែសម្រាប់តម្លៃវិញមិនមានការធ្លាក់ថ្លៃនោះទេ បើទោះបីយើងស្ថិតនៅក្នុងវិបត្តិនេះ ជិតមួយឆ្នាំកន្លងមកនេះ ហើយបញ្ហានេះ នឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសនៅតែមានមានសកម្មភាពផងដែរ បើទោះបីយើងមិនមានវិនិយោគក្រៅស្រុក”។

លោកស្រីអាន សុធិតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹង វិស័យអចលនទ្រព្យនៅក្នុងឆ្នាំ បានទទួលរងនូវផលប៉ះពាល់តែនៅមានតម្រូវការនៅក្នុងស្រុក និងងនៅឆ្នាំបន្តបន្ទាប់ វិស័យនេះ នៅតែមានភាពល្អប្រសើរ ដោយសារមានការរីកចំរើនលើទីផ្សារនៅក្នុងស្រុក និងជាពិសេស មានការវិនិយោគលើវិស័យអចលនទ្រព្យខ្នាតតូចពីសំណាក់វិនិយោគិននៅក្នុងស្រុក។

លោកស្រីបន្តថា “វិនិយោគិន បានគិតគូ និងពិចារណាយ៉ាងល្អិតល្អន់មុននឹងសម្រេចចិត្តបោះទុនវិនិយោគ និងតម្រូវការពីអតិថិជន។ អ្នកអភិវឌ្ឍន៍បានផ្តោតលើទំហំខ្នាតតូចដែលមានម្លៃក្រោម ១០ម៉ឺនដុល្លារ ឬ ក្រោម ២០ ម៉ឺនដុល្លារអាមេរិក “។

លោកស្រីបន្ថែម “ ឱ្យតែមានតម្រូវការនៅក្នុងស្រុក និងអ្នកអភិវឌ្ឍន៍នៅតែសម្រេចចិត្តបោះទុនវិនិយោគ វិស័យអចលនទ្រព្យនឹងនៅតែមានភាពល្អប្រសើរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here