ដោយ វុត្ថា
ហានណូយៈ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបាន អះអាងថា ខ្លួនបានខាតបង់ថវិកាចំនួន ១០,៧ ពាន់ពាន់លានដុង ស្មើនឹង៤៦៤លានដុល្លារអាមេរិក ក្នុងរយៈពេល៩ ខែនៃឆ្នាំនេះ គិតចាប់ពីខែមករាដល់ខែកញ្ញា ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ កូវីដ១៩ ។
តាមសារព័ត៌មាន asianaviation.com បានចុះផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ដែលជ្រកក្រោមទង់ជាតិវៀតណាមនេះ ទទួលបានចំណូលចំនួន២៣,៩ពាន់ពាន់លានដុង ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ៥៨,៣ ភាគរយ។ នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនបានដឹកអ្នកដំណើរចំនួន១០,២ លាននាក់ ធ្លាក់ចុះ ៤១,២ ភាគរយធៀបនឹងឆ្នាំមុន។
ក្រុមហ៊ុនអាកាសចរណ៍អះអាងថា ខ្លួនបានកាត់បន្ថយការលក់សំបុត្រ ការកាត់បន្ថយលើចំណាយហិរញ្ញវត្ថុ និងការគ្រប់គ្រង ការកាត់បន្ថយប្រាក់ខែរបស់អាកាសយានិក និងអ្នកបម្រើតាមយន្តហោះ ក៏ដូចជា បង្កើនប្រតិបត្តិការនៃការហោះហើរ ធ្វើមាតុភូមិនិវត្តន៍ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណូល។
លោក Tran Thanh Hien ប្រធានគណនេយ្យករក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមបានឱ្យដឹងថា ប្រាក់ចំណូលនៅត្រីមាសទី៣ របស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនបានធ្លាក់ចុះ៦៨ភាគរយ បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ខ្លាំង នៅប្រទេសនេះកាលពីចុងខែកក្កដា។
លោកបន្តថា នៅក្នុងត្រីមាសទី៣នេះ ជាធម្មតាក្រុមហ៊ុនអាកាសចរណ៍រកចំណូលបានខ្ពស់បំផុតជារៀងរាលឆ្នាំ ដោយសារមានការធ្វើដំណើរច្រើន ដែលប្រទេសនេះ ខិតជិតចូលរដូវក្តៅ។ ការផ្ទុះឡើងជាលើកទីពីរនូវជំងឺកូវីដ១៩ បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍វៀតណាម លុបចោលជើងហោះហើរក្នុងស្រុកថ្មីចំនួន២២ ហើយក្រុ្មមហ៊ុនចំនួន ១១ កំពុងពិចារណាលើលទ្ធភាព ក្នុងការបន្តហោះហើរនៅនៅក្នុងត្រីមាសទី៤នេះ។
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានធ្វើប្រតិបត្តិការហោះហើរនៅក្នុងស្រុកជាមធ្យម៣០០ជើងក្នុងមួយថ្ងៃ។ ក្រុមហ៊ុនអាកាសចរណ៍ បានបន្តការហោះហើរមួយជើងទៅជប៉ុន ហើយគ្រោងនឹងបើកផ្លូវហោះហើរឡើងវិញឆាប់ៗ ទៅកាន់ចិន កោះតៃវ៉ាន់ ឡាវ និងកម្ពុជា។
កាលពីខែមុនក្រុមហ៊ុនអាកាសចរណ៍ របស់វៀតណាមបានឱ្យដឹងថា ប្រាក់បំរុងជាសាច់ប្រាក់របស់ខ្លួន បានថយចុះមកនៅត្រឹម១,៩ពាន់ពាន់លានដុង ដោយបានប៉ាន់ប្រមាណថា ការខាតបង់សរុបនៅឆ្នាំនេះ មានប្រហែល១៥,២ពាន់ពាន់លានដុងលើប្រាក់ចំណូលចំនួន៥៥,៧ពាន់ពាន់លានដុង៕