អ្នកជំនាញ ៖ បង្ហើបប្រាប់ពីភាពខុសគ្នានៃអត្រាតម្លៃដីនៅក្នុងខេត្តកំពង់ស្ពឺដែលទទួលបានការគាំទ្រច្រើនពីអ្នកទិញ

0

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ អត្រាតម្លៃដីនៅតាមបណ្តាខេត្តមួយចំនួន ក៏ដូចជាតំបន់ជាយក្រុងគឺមានខុសគ្នាអាស្រ័យទៅតាមសណ្ឋានដី និងតំបន់ដែលមានគម្រោងអភិវឌ្ឍន៍។ ដោយឡែកសម្រាប់តែខេត្តកំពង់ស្ពឺ ដែលកំពុងមានគម្រោងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម មានតម្រូវការប្រើប្រាស់ដីច្រើន ត្រូវបានអ្នកជំនាញនៅក្នុងវិស័យនេះអះអាងថា មានតម្លៃខ្ពស់ជាងបណ្តាខេត្តមួយចំនួនដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTrust លោក ម៉ន សុខា បានថ្លែងប្រាប់គេហទំព័រ Property Area Asia នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះថា ខេត្តកំពង់ស្ពឺនៅតែជាខេត្តមួយដែលមានចរន្តទិញ-លក់ ដីធ្លីគ្រប់ប្រភេទ ជាពិសេសគម្រោងអភិវឌ្ឍន៍ដីឡូត៍ ល្អប្រសើរ បើប្រៀបធៀបជាមួយបណ្តាខេត្តដទៃទៀតដែលស្ថិតនៅជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញ។

លោកបន្តថា តម្លៃដីឡូត៍នៅក្នុងខេត្តកំពង់ស្ពឺមានភាពខុសគ្នាអស្រ័យទៅតាមតំបន់ និងស្ថានភាពនៃទីប្រជុំជន ។ ដីឡូត៍នៅទីតាំងខ្លះមានតម្លៃខ្ពស់ អាចហក់ឡើងទៅដល់ ១ម៉ឺនដុល្លារ ឬ ១ម៉ឺនដុល្លារជាង។ ហើយនៅតំបន់ខ្លះទៀតក៏មានតម្លៃដូចជា ៤០០០ដុល្លារ ៥០០០ដុល្លារ ឬ៦០០០ដុល្លារ។ ប៉ុន្តែជាមធ្យម តម្លៃដែលមានទីផ្សារ និងលក់ចេញបានច្រើនជាងគេបំផុតនោះគឺស្ថិតនៅអត្រា ៥០០០-៦០០០ដុល្លារក្នុងមួយឡូតិ៍។

ប្រធានសមាគមរូបនេះបានបន្តថា តម្លៃខាងលើនេះគឺជាតម្លៃដែលមានទីផ្សារ និងលក់ចេញជូនអ្នកទិញក៏ដូចជាអ្នកវិនិយោគបានលឿនរហ័សជាងគេ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលកន្លងទៅថ្មីៗនេះថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក មើហ្វី (W.Patrick Murphy) បានចុះសិក្សា និងពិភាក្សាការងារក្នុងគោលបំណងស្វែងយល់ពីលទ្ធភាព សក្ដានុពលសេដ្ឋកិច្ចនៅទូទាំងខេត្តកំពង់ស្ពឺ។

ខេត្តកំពង់ស្ពឺ មិនមែនមានសក្តានុពលតែតំបន់ណាមួួយទេ ផ្ទុយទៅវិញ ខេត្តកំពង់ស្ពឺមានភាពទាក់ទាញគម្រោងវិនិយោគនានាជាច្រើនរាប់រយគម្រោង ដែលក្នុងនោះវិស័យអចលនទ្រព្យបានដើរតួយ៉ាងផុសផុល ជាក់ស្ដែងដូចជា នៅកំណាត់ផ្លូវជាតិលេខ ៤ ដែលតភ្ជាប់ពីតំបន់ពាណិជ្ជកម្មភ្នំពេញ ទៅកាន់កំពង់ផែព្រះសីហនុ ផ្លូវជាតិលេខ៤១ ផ្លូវជាតិេលខ៥១ និងផ្លូវជាតិលេខ៤៤ ដែលសុទ្ធសឹងជាតំបន់មានគម្រោងអភិវឌ្ឍលំនៅដ្ឋាន រោងចក្រ សហគ្រាស និងគម្រោងដីឡូតិ៍ជាច្រើនទីតាំងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here