ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ វិស័យអចលនទ្រព្យត្រូវបានគេមើលឃើញថា បានផ្តល់នូវអត្ថប្រយោន៍យ៉ាងលើសលប់តបទៅនឹងការបណ្តាក់ទុនវិនិយោគ រហូតអ្នកខ្លះក្លាយជាអ្នកមានស្តុកស្តម្ភយ៉ាងឆាប់រហ័យបើប្រៀបធៀបទៅនឹងការធ្វើជំនួញ ឬអាជីវកម្មផ្សេងទៀត។
ភ្ជាប់ទៅនឹងប្រធានបទខាងលើនេះ លោកឧកញ៉ា នួន អក ប្រធានគម្រោងអភិវឌ្ឍន៍តំបន់កម្សាន្ត និងលំហែរ កំពតឋានសួគ៌ ដែលមានវិសាលភាពរាប់រយហិកតា ជាមួយនឹងទុនវិនិយោគជាច្រើនដុល្លារបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះថា វិស័យអចលនទ្រព្យ គឺជាមុខជំនួញដ៏មានសក្ដានុពល និងផ្តល់ឱកាសទទួលបានប្រយោជន៍យ៉ាងលើសលប់នៅក្នុងរយៈពេលដ៏ខ្លី។
លោកឧកញ៉ាបានបញ្ជាក់ថា “នៅក្នុងវិស័យអចលនទ្រព្យត្រូវបានបែងចែកជាច្រើនប្រភេទ ហើយអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ក៏សុទ្ធតែមានការសម្រេចចិត្តផ្សេងៗពីគ្នាក្នុងការបណ្តាក់ទុនរកស៊ីជាមួយនឹងការសម្លឹងឃើញពីឱកាសដែលអាចទទួលបានផលចំណេញខ្ពស់”។ លោកឧកញ៉ាបន្តថា “តាមខ្ញុំដឹង អ្នកមាននៅលើពិភពលោកប្រមាណ៨០ភាគរយ កើនទ្រព្យយ៉ាងឆាប់រហ័សដោយសារការវិនិយោគក្នុងវិស័យអចលនទ្រព្យ ក្នុងនោះសូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ឌុលណាត្រាំ ក៏ជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា អ្នកមានប្រមាណ៩០ភាគរយ កើនទ្រព្យពីការវិនិយោគក្នុងវិស័យអចលនទ្រព្យ។ រូបភាពទាំងអស់នេះបានបង្ហាញឱ្យឃើញពីសក្ដានុពល និងឱកាសដែលអាចទទួលបានផលចំណេញពីការវិនិយោគក្នុងវិស័យអចលនទ្រព្យទាំងអស់”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា នួន អក បានបញ្ជាក់ផងដែរថា អ្នកគ្រប់គ្នាសុទ្ធតែអាចប្រកបមុខរបរអាជីវកម្មផ្សេងៗជាច្រើនទៀតបាន ប៉ុន្តែភាគច្រើនប្រាក់ចំណូលដែលរកបានពីអាជីវកម្មទាំងនោះមិនអាចធ្វើឱ្យក្លាយជាអ្នកមានបាននោះទេ ដូច្នេះមានការពិចារណានៅត្រង់ចំណុចទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យមានឱកាសទទួលបានផលចំណេញច្រើន ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្ន និងសិក្សាឱ្យបានស៊ីជម្រៅមុនពេលសម្រេចចិត្តបោះទុនវិនិយោគផងដែរ ជៀសវាងការបណ្តាក់ទុនវិនិយោគខុសគោលដៅ ឬវិនិយោគប៉ះចំដៃគូទុច្ចរិត ដែលអាចនាំឱ្យមានការខាតបង់ ឬមានភាពប្រឈមនឹងហានិភ័យខ្ពស់៕






