សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមត្រៀមបង្កើតតំបន់ឧស្សាហកម្មសម្រាប់វិស័យ SME

0

ដោយ ហ្សូលី

ភ្នំពេញ៖ ក្នុងគោលបំណងជម្រុញឱ្យវិស័យសហគ្រាសធុនតូចនិងមធ្យមកាន់តែមានភាពរីកចម្រើននិងរលូន ប្រកបដោយគុណភាព សមាគមសហគ្រាសធុនតូចនិងមធ្យម កំពុងរៀបចំផែនការជម្រុញបង្កើតឱ្យមានតំបន់ឧស្សាហកម្ម។

ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លោកឧកញ៉ា តៃ តាំងប៉ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០នេះថា សមាគមកំពុងជម្រុញបង្កើតតំបន់ឧស្សាហកម្មនៅតាមបណ្តារខេត្ត ដើម្បីប្រមូលវិស័យសហគ្រាសធុនតូចនិងមធ្យម ផលិតឬកែច្នៃឱ្យមានគុណភាព និងទទួលខុសត្រូវខ្ពស់ ដែលជាហេតុធ្វើឱ្យវិស័យនេះនឹងកាន់តែទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ាបន្តថា ដើម្បីជម្រុញការចុះបញ្ជីវិស័យសហគ្រាសធុនតូចនិងមធ្យមឱ្យមានភាពប្រកួតប្រជែង នៅក្នុងខ្សែសង្វាក់ផលិតកម្ម និងតម្លៃនៃសង្វាក់ផលិតកម្ម បច្ចុប្បន្នសមាគមមានរៀបចំគម្រោងផែនការអភិវឌ្ឍសម្រាប់វិស័យនេះ ប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។

ពាក់ព័ន្ធគម្រោងនៃការបង្កើតតំបន់ឧស្សាហកម្ម ជំហានដំបូងនៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា គ្រោងបង្កើតឱ្យបានចំនួន ២ ទៅ ៣ខេត្ត។ តាមរយៈគម្រោងនោះ នឹងអាចជួយវិស័យសហគ្រាសធុនតូចនិងមធ្យមបានច្រើន ដើម្បីស្តារលទ្ធភាពប្រកួតប្រជែង សហគ្រាស ឱ្យមកចុះបញ្ជីជាផ្លូវការកាន់តែច្រើនជាងមុន។

មិនតែប៉ុណ្ណោះ ប្រធានសមាគមរូបនេះ និងជម្រុញបន្ថែមទៀត ដើម្បីឱ្យសហគ្រាសធុនតូចនិងមធ្យម ទទួលបានអត្ថប្រយោជន៍ ក្នុងការធ្វើអាជីវកម្មលើវិស័យសហគ្រាសធុនតូចនិងមធ្យម។

គិតមកទល់បច្ចុប្បន្ននេះ សហគ្រាសខ្នាតតូចនិងមធ្យមសរុបប្រហែល ៥៣ម៉ឺន នៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងនាមជាស្នូលសេដ្ឋកិច្ចជាតិ ដែលចាំបាច់តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឱ្យវិស័យនេះកាន់តែមានសក្តានុពលបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here