ដោយវុត្ថា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកអ៊ិត សំហេងបានអះអាងថា វិស័យផលិតផលសម្ភារៈធ្វើដំណើរ និងកាបូប ដែលបច្ចុប្បន្ននេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ហើយបើតាមការប៉ាន់ស្មាននៅឆ្នាំនេះ មានការរីកចម្រើនដូចជា វិស័យវាយនភ័ណ្ឌដែរ។

នៅក្នុងកិច្ចប្រជុំគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(ILO-BFC) សម្រាប់រោងចក្រ សហគ្រាសផលិតផលធ្វើដំណើរ និងកាបូប នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ លោកអ៊ិត សំហេងបានឱ្យដឹងថា វិស័យនេះនឹងជំរុញឲ្យមានកំណើនការងារធ្វើ ក៏ដូចជាជំរុញដល់ការលើកកម្ពស់ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ស្របពេលដែលកម្ពុជាបានប្ដេជ្ញាយ៉ាងខ្ពស់ក្នុងការអនុវត្តវិជ្ជាជីវៈមួយ ក៏ដូចជាការគោរពនូវលក្ខខណ្ឌការងារកាន់តែប្រសើរ ស្របទៅតាមអនុសញ្ញាអន្តរជាតិដែលបានធ្វើសច្ចាប័នកន្លងទៅ។
លោករដ្ឋមន្ត្រីបន្តថា “កម្ពុជាក៏បានគោរពនូវលក្ខខណ្ឌការងារទាំងឡាយ ដើម្បីឆ្លើយតបនឹងការនាំផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយនិរន្តរភាព”។
លោករដ្ឋមន្រ្តីក៏បានជំរុញឱ្យរោងចក្រ សហគ្រាសផលិតផលធ្វើដំណើរ និងកាបូប រួមគ្នាបង្កើតជាសមាគមមួយស្របតាមច្បាប់ស្តីពី សហជីព ដើម្បីជាតំណាងរបស់ខ្លួនដើ ម្បីចូលរួមក្នុងកិច្ចសន្ទនាសង្គមនានា ឲ្យមានប្រសិទ្ធភាព តម្លាភាព និងទទួលយកបានពីគ្រប់ភាគី។
លោកអ៊ិត សំហេងបានបញ្ជាក់ទៀតថា “រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវគោលនយោបាយ ដើម្បីឲ្យការអនុវត្តគម្រោងមានភាពប្រសើរថែមទៀត។ ទោះជាមានបញ្ហាប្រឈម និងការលំបាកមួយចំនួនក៏ដោយ ប៉ុន្តែយើងបានសហការជាមួយភាគីពាក់ព័ន្ធ ធ្វើកិច្ចការនេះយ៉ាល្អប្រសើរ”។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា មកដល់ពេលនេះបញ្ហាត្រូវបានដោះស្រាយ ដែលទាមទារឲ្យអ្នកពាក់ព័ន្ធទាំងអ ស់ចូលរួមឲ្យបានកាន់តែសកម្ម ដើម្បីផលប្រយោជន៍សម្រាប់រោងចក្រ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងការទទួលបានការលើកទឹកចិត្ត ពីរដ្ឋាភិបាលកម្ពុជា និងទទួលបានការបញ្ជាទិញកាន់តែច្រើនផងដែរ។
អនុវត្តតាមស្មារតីអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិង ក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារស្តីពី “គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា” ត្រូវបានចុះកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលគ្រប់ភាគីបានឯកភាពក្នុងការពង្រីកវិសាលភាព នៃការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដោយដាក់បញ្ចូល វិស័យផលិតផលធ្វើដំណើរ និងកាបូប ក្នុងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ តាមរយៈការអនុវត្តច្បាប់ស្តីពីការងារកម្ពុជា និងបទដ្ឋានការងារស្នូលដែលបានទទួលស្គាល់ជាអន្តរជាតិ សម្រាប់អាណត្តិពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ខាងមុខនេះ៕






