ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសគ្រោងវិនិយោគបន្ថែមនូវសេវារថយន្តក្រុង និងបង្កើតតំបន់ទេសចរណ៍នៅក្រុងបាវិត

0

ដោយវុត្ថា

បាវិតៈ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលបាននឹងកំពុងវិនិយោ​គនៅក្នុងទីក្រុងបាវិត បានបង្ហាញពីបំណង ក្នុងវិនិយោគបន្ថែមនូវ សេវារថយន្តក្រុង និងបង្កើតតំបន់ទេសចរណ៍ក្រុងវិត។

នេះ បើតាមលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយនឹង លោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ព្រមទាំងសហការី និងលោក មែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ ដោយផ្តោតសំខាន់ៗមួយចំនួនពាក់ព័ន្ធ នឹងកិច្ចការវិនិយោគ នាសាលប្រជុំ VIP សាលាខេត្ត។

លោកម៉ែន វិបុល បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀងសូមគាំទ្រ និងត្រៀ​មសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រោះគម្រោងវិនិយោគនេះ មិនត្រឹមតែអាចបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ និងជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ក្នុងខេត្តស្វាយរៀងថែមទៀតផង។

លោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បានសម្តែងការពេញចិតចំពោះអាជ្ញាធរខេត្ត តែងតែផ្ដល់នូវភាពកក់ក្ដៅ តាមរយ:ការជួយសម្របសម្រួល សហការ និងគាំទ្រ រាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលអនុញ្ញាតឲ្យក្រុមហ៊ុន អាចដំណើរការបានងាយស្រួល ដោយរលូន និងមានការរីកចម្រើនជាលំដាប់ ។

យោងតាមរបាយការណ៍របស់រដ្ឋបាខេត្តស្វាយរៀងបានបង្ហាញថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ខេត្តស្វាយរៀង បានក្លាយជាតំបន់ឧស្សាហកម្មដ៏ទាក់ទាញ ប្រកបដោ​យសក្ដានុពល ដោយមានអ្នកវិនិយោគមកបណ្ដាក់ទុនកើនឡើងជាបន្ដបន្ទាប់  ដែលបានចូលរមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើង និងជួយជំរុញកំណើនសេដ្ឋកិច្ច ។

បច្ចុប្បន្ន នៅទូទាំងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១កន្លែង កំពុងដំណើរការ ក្នុងនោះ៨កន្លែង គឺជាតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន តាយសេង សានដុងសាន់សែល ដ្រេហ្គនឃីង ឈីលូ ហាយផាក អ៊ីនធើវៀ អូតូម៉ូបាល និងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ មានរោងចក្រ សហគ្រាសធនាគារ គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជនចំនួន២០៨កន្លែង ក្នុងនោះក្រុមហ៊ុនវិនិយោគដែលអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន១៤១ក្រុមហ៊ុន និងអនុគណៈកម្មាធិការវិនិ​យោ​គខេត្តចំនួន៣ក្រុមហ៊ុន ដោយបានផ្ដល់ការងារធ្វើជូនប្រជាពលរដ្ឋ៨ម៉ឺននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here