ដោយវុត្ថា
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) បាននឹងកំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍនប្រទេស តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង។ ជាក់ស្តែង KOICA កំពុងអនុវត្តគម្រោងចំនួន ១២ គម្រោង ដែលមានទឹកប្រាក់ចំនួន ៨០ លានដុល្លារអាមេរិក និងមានគម្រោងអាទិភាព មួយចំនួនទៀត សម្រាប់អនុវត្តក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២២។

នេះ បើតាមការបញ្ជាក់ពីលោក RHO Hyunjun ប្រធានតំណាង នៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា នៅក្នុងជំនួបពិភាក្សាជាមួយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនិតិកម្ម និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០នេះ ។
លោក RHO Hyunjun បន្តថា ចំពោះការចួលរួមជាមួយរាជរដ្ឋាភិបាលក្នុងទប់ស្កាត់ជំងឺកូវីដ ១៩ KOICA បានបន្តផ្តល់ជំនួយ សង្គ្រោះបន្ទាន់ជាច្រើន និងផ្តល់ហិរញ្ញប្បទាន សម្រាប់ចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនិតិកម្ម និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េ នាពេលកន្លងមក ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា។
លោក រដ្ឋមន្ត្រីប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ KOICA ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងអរគុណជាថ្មីម្តងទៀតដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អរបស់ KOICA។
ភាគីទាំងពីរនៅក្នុងជំនួបនេះក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ក្នុងពេលបច្ចុប្បន្ន និងអនាគត៕






