សម្តេចតេជោ ៖ នយោបាយឈ្នះឈ្នះ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យទៅជាតំបន់អភិវឌ្ឍន៍

0

ដោយ ៖ ម៉ាណេត
បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា នយោបាយឈ្នះឈ្នះ បានកែប្រែតំបន់សង្គ្រាមឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងកែប្រែតំបន់ព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “តាមរយៈនយោបាយឈ្នះឈ្នះនេះ យើងប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែន មិត្ដភាព-សន្ដិភាព មិត្ដភាព-សហប្រតិបត្ដិការ និងការអភិវឌ្ឍ”។
លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា នយោបាយឈ្នះឈ្នះ ជាឱសថទិព្វ ដែលធ្វើឲ្យកម្ពុជាមានសង្គ្រាមមិនចេះចប់ មិនចេះហើយរាប់រយឆ្នាំ បានបញ្ចប់នៅក្នុងឆ្នាំ១៩៩៨។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា កម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាពិធីរម្លឹកនៃការបញ្ចប់សង្គ្រាម និងការឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្ដិសាស្ដ្រ ដ៏យូរលង់របស់កម្ពុជា។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា តំបន់វៃគ្នាទាំងអស់ ឥលូវនេះបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយអតីតសមរភូមិទាំងអស់ទៅជាទីផ្សារ និងជាតំបន់អភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here