ជប៉ុន ចាត់ទុកកម្ពុជា ជាប្រទេសគោលដៅវិនិយោគអាទិភាព

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុករបស់ជប៉ុន (JETRO) ប្រចាំនៅកម្ពុជា បានអះអាងថា កម្ពុជាត្រូវបានបណ្តាវិនិយោគិនជប៉ុនចាត់ទុកជាគោលដៅបណ្តាក់ទុនវិនិយោគជាអាទិភាពបើធៀបទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់។

ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា លោក Masashiro Miyao នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានអះអាងថា ក្រុមហ៊ុនជប៉ុនមួយចំនួនមានបំណងផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិន មកកាន់ប្រទេសអាស៊ាន ដែលក្នុងនោះ កម្ពុជា គឺជាប្រទេសមួយមានអាទិភាពខ្ពស់សម្រាប់វិនិយោគិនជប៉ុន។

តំណាង JETRO ក៏បានជម្រាបជូនផងដែរថា ក្រុមហ៊ុនជប៉ុនមួយចំនួន កំពុងតែមានការចាប់អារម្មណ៍ខ្ពស់ លើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសលើប្រភេទកសិផលសរីរាង្គ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅជប៉ុន និងគោលដៅដទៃទៀត ដែលផលិតផលសរីរាង្គមានតម្រូវការខ្ពស់។

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានបង្ហាញពីកិច្ចស្វាគមន៍ និងជំរុញឱ្យវិនិយោគិនជប៉ុន មកបើកអាជីវកម្ម ឬរោងចក្រកែច្នៃផ្សេងៗនៅកម្ពុជាបន្ថែមទៀត ជាមួយនឹងការលើកទឹកចិត្តឱ្យមានការនាំចេញកសិផល ក៏ដូចជាផលិតផលកែច្នៃរបស់កម្ពុជាបន្ថែម ទៅប្រទេសជប៉ុន និងគោលដៅសក្ដានុពលដទៃទៀត ជាពិសេស គឺត្រូវទាញយកផលប្រយោជន៍ ឱ្យបានពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាគូភាគី។

ក្នុងកិច្ចជំនួបនេះដែរ លោករដ្ឋមន្រ្ដី ក៏បានជម្រាបដល់តំណាងអង្គការ JETRO នូវគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតូច (AIMS) របស់ក្រសួងពាណិជ្ជកម្ម ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច និងក្រីក្រនៃផលិតផល ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូវមី និងសូត្រឆៅ និងស្នើសុំឱ្យក្រុមហ៊ុន AEON របស់ជប៉ុន ពិនិត្យលទ្ធភាពដាក់លក់ផលិតផលរបស់គម្រោង AIMS នៅទីផ្សាររបស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here