ដោយៈប៊ី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ ក្នុងរង្វង់៣,៥ភាគរយនៅឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមសិក្សារបស់រដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ អំឡុងកិច្ចពិភាក្សាលើរបៀបវារៈស្ដីពី “សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១”។

ការសម្រេចបានកំណើនក្នុងរង្វង់៣,៥ភាគរយនេះ នឹងធ្វើឱ្យផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់១១៧,៩៣៩ពាន់លានរៀល សមមូលនឹងប្រមាណ២៩,០១៣លានដុល្លារអាមេរិក ស្របពេលដែលផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់១៧៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង១ ៦៨៣ដុល្លារអាមេរិកក្នុងឆ្នាំ២០២០។
– វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងងើបឡើងវិញក្នុងអត្រាកំណើន៤,១%ក្នុងឆ្នាំ២០២១ ពីកំណើនអវិជ្ជមានក្នុងអត្រា -២,២% ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ ក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរត្រូវបានរំពឹងថា នៅរក្សាបានកំណើនល្អប្រសើរ។
– វិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើនក្នុងអត្រាទាប៣,៦%ក្នុងឆ្នាំ២០២១ បើធៀបនឹងកំណើនអវិជ្ជមានក្នុងអត្រា -៣,០%ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃការងើបឡើងវិញ ក្នុងកម្រិតទាបនៃសកម្មភាពសេដ្ឋកិច្ច ពិសេសក្នុងវិស័យទេ សចរណ៍ និងការប្រើប្រាស់ក្នុងស្រុកបន្ទាប់ពីវិបត្តិកូវីដ-១៩។
– វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា១,៦%ក្នុងឆ្នាំ២០២១ ពីកំណើន០,៩%ក្នុងឆ្នាំ២០២០ ដោយសារការកើនឡើងនៃអនុវិស័យដំណាំ អនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ។ អនុវិស័យដំណាំត្រូវបានព្យាករថា នឹងសម្រេចបានកំណើនខ្ពស់ជាងឆ្នាំ ២០២០ ដោយសារការរំពឹងទុក នូវកំណើនផលិតកម្មកសិកម្ម ស្របពេលដែលថ្លៃ និងតម្រូវការខាងក្រៅមានការកើនឡើង។

អត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា៣,១%ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកការកើនឡើងថ្លៃប្រេង លើទីផ្សារអន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០២០៕
ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៣,៥% ក្នុងបរិបទនៃ ការកើនឡើងនូវភាពមិនប្រាកដប្រជាទាំងក្នុង និងក្រៅប្រទេស។
+ ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច តាមរយៈការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី៨-១៩ និងការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម ព្រមទាំងការបន្តរក្សាលំនឹងជីវភាពប្រជាជន ដែលរួមមាន៖
– ការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ តាមរយៈវិធានការសំខាន់ៗរួមមាន៖ការបង្កើនចំណាយលើវិស័យសុខាភិបាល និងការជំរុញអនុវត្តកម្មវិធី លើកកម្ពស់សុខភាពសាធារណៈ ដោយផ្តោតលើវិធានការការពារនិងព្យាបាល។
– ការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម តាមរយៈការផ្តល់នូវការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកសារពើពន្ធ គួបផ្សំនឹងការជំរុញផ្តល់ឥណទាន ព្រមទាំងការបង្កើនសន្ទនីយភាពទៅក្នុងទីផ្សារ ដើម្បីឱ្យអាជីវកម្មអាចបន្តដំណើរការបាន។
– ការបន្តរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការបន្តអនុវត្តនូវកម្មវិធីផ្ទេរសាច់ប្រាក់កម្មវិធីសាច់ប្រាក់ពលកម្ម និងកម្មវិធីបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន ចាប់យកការងារក្នុងវិស័យថ្មី ឬមានបច្ចេកទេសខ្ពស់ជាងមុន បង្កើតការងារថ្មីជំនួសការងារ ដែល បាត់បង់ជំរុញសកម្មភាព អាជីវកម្មរបស សហគ្រាសធុនតូច និងមធ្យម និងជួយសម្រួលការផ្លាស់ប្តូរការងារពីវិស័យ ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទៅវិស័យផ្សេងទៀត។
+ ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបន្តលើកកម្ពស់ភាពប្រកួតប្រជែង ការជំរុញការធ្វើពិពិធ-កម្មសេដ្ឋកិច្ច និងការបន្តកែទម្រង់ជារចនាសម្ព័ន្ធ ដែលរួមមាន៖
– ការបន្តបង្កើនភាពប្រកួតប្រជែង តាមរយៈវិធានការសំខាន់ៗរួមមាន ការជួយសម្រួលកាត់បន្ថយថ្លៃដើមពេលវេលា និងបង្កើនភាពងាយស្រួលដល់កាធ្វើអាជីវកម្ម ដោយបន្តពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម បន្តកាត់បន្ថយថ្លៃ និងធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី កាត់បន្ថយថ្លៃដឹកជញ្ជូន និង ឡូជីស្ទីក បង្កើនការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កើនការបណ្តុះបណ្តាលជំនាញ កាត់បន្ថយកម្រៃសេវាមិនផ្លូវការ លើកកម្ពស់សេវាបង់ពន្ធ កាត់បន្ថយការធ្វើសវនកម្ម និងអធិការកិច្ចត្រួតគ្នា និងជំរុញការប្រកួតប្រជែងដោយស្មើភាព៕






