ដោយវុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ថ្មីស្តីពី វិនិយោគនៃកម្ពុជាជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០ខាងមុខនេះ ដែលដឹកនាំដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា ដែលមានក្រុមការងារ “ឃ” “នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” កាលពីម្សិលមិញនេះ បានបើកកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ថ្មីស្តី ពីវិនិយោគកម្ពុជា ដើម្បីប្រមូលធាតុចូល ការយល់ឃើញ និងការស្នើសុំពីផ្នែកឯកជនពាក់ព័ន្ធ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយនឹងដៃគូ រដ្ឋាភិបាលនៅថ្ងៃទី២៨ ខែតុលា ឆ្មាំ២០២០។
លោកឧកញ៉ា បន្តថា “កិច្ចប្រជុំពិគ្រោះយោបល់រួមនេះ ដែលនឹងប្រព្រឹត្តិទៅនៅចុងខែនេះ ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នដោយផ្ទាល់ ព្រោះថា ច្បាប់វិនិយោគថ្មីនេះ ត្រូវបានដាក់មកវិស័យឯកជនក្នុងការផ្តល់មតិបន្ថែម ហើយនេះ គឺជាអ្វីដែល វិស័យឯកជនចង់បាន ព្រោះថារាល់ច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ត្រូវបានឆ្លងជាមួយសភាពាណិជ្ជកម្ម ដែលមានសមាជិកជាអ្នករកស៊ីច្រើន”។
លោកឧកញ៉ាបន្ថែមថា “ការធ្វើយ៉ាងដូច្នេះ គឺដើម្បីធ្វើយ៉ាងកុំឱ្យច្បាប់ថ្មី ដែលចេញទៅហើយមានភាពប្រទាំងទិសគ្នាក្នុងការអនុវត្ត ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍បុគ្គលផង និងផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផង”។
លោកឧកញ៉ាពន្យល់ថា “សេចក្តីព្រាងច្បាប់វិនិយោគថ្មីនេះ នឹងជួយច្រើនដល់ការសម្រួលវិនិយោគទាំងនៅក្នុងស្រុក និងបរទេស ដូចជាមួយការលើកទឹកចិត្តឱ្យមានការលើកលែងចំពោះប្រាក់ចំណេញ និងការនាំចូលនូវវត្ថុធាតុដើម ឬបង្កើតរោងចក្រសហគ្រាសដោយរួចពន្ធជាដើម ហើយទាំងនេះ គឺជាចំណុចនៃការទាក់ទាញវិនិយោគ”។
លោកឧកញ៉ាលឹម ហេងបញ្ជាក់ទៀតថា បើទោះបីមានការលើកទឹកចិត្តចំពោះពន្ធក៏ដោយ អ្វីដែលសំខាន់គឺកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ដូចប្រមុខនៃរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើង ដោយមានការកាត់បន្ថយការិយាធិប្បតេយ្យ និងកាត់បន្ថយចំពោះស្ថាប័នមិនចាប់បាច់ជាដើម។
អនុប្រធានសមភាពាណិជ្ជកម្មរូបនេះ បញ្ជាក់ទៀតថា “នៅពេលគ្រប់ភាគីពាក់ព័ន្ធបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ខាងមុខនេះ នឹងដាក់ជូនទៅគណរដ្ឋម ន្ត្រី ដើម្បីពិនិត្យ និងសម្រេច ហើយនៅពេលដល់នេះ ខ្ញុំថា វាមិនយូនោះទេ ព្រោះសម្តេចតេជោ ហ៊ុន សែន បានមានបំណងចំពោះការធ្វើច្បាប់ថ្មីនេះ យូមកហើយ។
លោកឧកញ៉រំពឹងថា “ច្បាប់វិនិយោគថ្មីរបស់កម្ពុជា យ៉ាងយូនៅឆ្នាំក្រោយនេះយើងនឹងបានប្រើប្រាស់ហើយ”៕






