រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគចំនួន៦ តម្លៃជិត៤០០លានដុល្លារអាមេរិក

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៦ ដែលមានទំហំទឹកប្រាក់វិនិយោគសរុបជិត៤០០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។

ក្រុមហ៊ុនទាំង៦ ដែលទើបតែទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ រួមមានដូចខាងក្រោម៖
១. LUENTEC TEXTILE SOLUTIONS CO., LTD គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ពដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា សង្កាត់ព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦៨កន្លែង។
២. LECROWN SHOES INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤,២៤៣កន្លែង។
៣. C.F.C GARMENT PTY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មវៀលស៊ុន អគារ B ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៧២កន្លែង។
៤. ODDORMEANCHEY POWER INDUSTRIAL CO., LTD គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥ មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ២៩៤,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។
៥. ODM POWER LINE COMPANY LIMITED គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត ដែលមាន ទីតាំងវិនិយោគស្ថិតនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៦១,៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៩កន្លែង។
៦. SUNENERGY TECHNOLOY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។

LEAVE A REPLY

Please enter your comment!
Please enter your name here