ដោយ ដែន ចែងចាំង
ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា ហៅកាត់ SECC បានអនុម័តអនុញ្ញាតជាគោលការណ៍ទទួលស្គាល់ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួ រឹធីភីអិលស៊ី ក្នុងនាមជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលនៅក្នុងវិស័យមូលបត្រកម្ពុជា។
លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជានៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុម័តផ្តល់ការអនុញ្ញាតជាគោលការណ៍ ទទួលស្គាល់ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធីភីអិលស៊ី ដើម្បីផ្តល់សេវាជាភ្នាក់ងារតំណាង ម្ចាស់មូលបត្របំណុលនៅក្នុងវិស័យមូលបត្រ និងអនុម័តលើការស្នើសុំអាជ្ញាបណ្ណ ធ្វើជាក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ របស់ក្រុមហ៊ុនAPM CAMBODIA SECURITIES CO.,LTD) និងអនុម័ត លើសេចក្តីព្រាងប្រកាសស្តីពី ការទទួលស្គាល់ភ្នាក់ងាររក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ។
-->
លទ្ឋផលនៃកិច្ចប្រជុំបានឲ្យដឹងថា ប្រកាសនេះ មានគោលដៅកំណត់ពីលក្ខខណ្ឌតម្រូវ និងនីតិវិធីផ្តល់ការទទួលស្គាល់ធនាគារពាណិជ្ជ ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ឬក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធ្វើជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។
របាយការណ៍នៃកិច្ចប្រជុំបានឲ្យដឹងទៀតថា ក្រៅពីការអនុម័តជាគោលការណ៍ខាងលើ គណៈកម្មការមូលបត្រកម្ពុជាបានអនុម័តលើសេចក្តីព្រាងប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម ដោយប្រកាសនេះមានគោលដៅកំណត់ពីលក្ខខណ្ឌ និងនីតិវិធីក្នុងការផ្តល់អាជ្ញាប័ណ្ណ ការអនុញ្ញាត ព្រមទាំងកាតព្វកិច្ចផ្សេងៗ របស់ក្រុមហ៊ុនដែលប្រកបអាជីវកម្មគម្រោង វិនិយោគរួម ។
រហូតមកទល់ពេលនេះ គណៈកម្មការមូលបត្រកម្ពុជា មិនទាន់ផ្តល់ការអនុញ្ញាតលើគម្រោងវិនិយោគរួមណាមួយ ដើម្បីប្រមូលសាច់ប្រាក់ ពាក់ព័ន្ធនឹងគម្រោងវិនិយោគរួមនៅឡើយទេ ដោយត្រូវរង់ចាំរហូតដល់ពេលទទួលបានការអនុម័ត ពីកិច្ចប្រជុំរបស់គណៈកម្មការលើសេចក្តីព្រាងប្រកាសស្តីពី ការបោះផ្សាយលក់គម្រោងវិនិយោគរួមជាសាធារណៈនៅពេលខាងមុខនៅឡើយ៕