គម្រោងអភិវឌ្ឍន៍ក្រុងកោះនរា នឹងជួយបង្កើនថវិកាជាតិប្រមាណ ២២៥លានដុល្លារក្នុងមួយឆ្នាំ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមរយៈការចូលរួមពីសំណាក់វិស័យឯកជននៃគម្រោងអភិវឌ្ឍក្រុងរណបកោះនរា ដែលទើបត្រូវបានសម្ពោធ និងប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃនេះ អាចនឹងចូលរួមចំណែកក្នុងបង្កើនថវិកាជាតិរហូតដល់ប្រមាណ ២២៥លានដុល្លារក្នុងមួយឆ្នាំ។

អ្នកឧកញ៉ា ពុង ឃាវសែ បានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះថា គម្រោងសាងសង់ និងអភិវឌ្ឍទីក្រុងកោះនរា នៅលើទំហំផ្ទៃដី ១០០ហិកតា ដែលមានទំហំទឹកប្រាក់វិនិយោគ២៥០០លានដុល្លារ នឹងចូលរួមបង្កើនចំណូលថវិកាជាតិប្រមាណ ២៥០លានដុល្លារក្នុងមួយឆ្នាំៗ។

អ្នកឧកញ៉ាបានបញ្ជាក់ថា “គម្រោងអភិវឌ្ឍន៍កោះនរានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ និងសេដ្ឋកិច្ចកម្ពុជាយ៉ាងច្រើន ជាពិេសសនៅក្នុងកាលទេសដែលកំពុងជួបវិបត្តិនាពេលនេះ ដែលកម្ពុជាកំពុងត្រូវការគម្រោងវិនិយោគបន្ថែមទៀតដើម្បីជួយទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។ តាមរយៈគម្រោងមួយនេះនឹងអនុគ្រោះដល់មនុស្សរស់នៅប្រមាណ៥ម៉ឺននាក់ ដែលនឹងគ្រោងចំណាយថវិកាសរុបប្រមាណ២៥០០លានដុល្លារ ដោយឡែកសម្រាប់ចំណែកថវិកាចំនួន៥៥០លានដុល្លារដែលចំណាយសម្រាប់ការអភិវឌ្ឍន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរយៈពេល៣ឆ្នាំដំបូងត្រូវបានប៉ានប្រមាណថា អាចនឹងចូលរួមចំណែកដល់ផលិតផលក្នុងស្រុក GDP ប្រមាណ ២២៥លានដុល្លារក្នុងមួយឆ្នាំៗ ស្មើនឹងប្រមាណ ០,៩ភាគរយនៃចំនួន GDP នាពេលបច្ចុប្បន្ននេះ”។

នៅក្នុងគម្រោងសាងសង់ទីក្រុងកោះនរាក្នុងដំណាក់កាលនេះ នឹងត្រូវប្រើកម្លាំងពលកម្មប្រមាណ៧០០នាក់ ហើយនៅពេលសកម្មភាពអភិវឌ្ឍន៍កើនឡើងពេញទំហឹង នោះកំណើននៃចំនួនពលកម្មនឹងបន្តកើនឡើងរហូតប្រមាណ៧០០០នាក់។ សំខាន់ជាងនេះទៅទៀត ក្រោយពេលបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ទីក្រុងកោះនរា នឹងបង្កើតកន្លែងការងារប្រចាំថ្ងៃដល់ប្រជាពលរដ្ឋប្រមាណ១០០០០កន្លែងផងដែរ ដែលទាំងអស់នេះ សុទ្ធតែជាសកម្មភាព និងការរួមចំណែកក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here