ដោយវុត្ថា
ភ្នំពេញៈ លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបូរី ប្រចំាកម្ពុជាបានអះអាងថា សឹង្ហបុរីស្ថិតក្នុងចំណោមប្រទេសចំនួន១០ ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ដោយទុនវិនិយោគរបស់សឹង្ហបុរីបានហក់ឡើងខ្ពស់ កាលពីឆ្នាំ២០១៨ និង២០១៩ ក្នុងនោះកាលពីឆ្នាំ២០១៨ មានប្រមាណ៤ពាន់លានដុល្លារអាមេរិក។

ក្នុងជំនួបជំរាបលាសំរាប់ការបញ្ចប់អាណត្តិកាទូតរបស់លោកនៅកម្ពុជា ជាមួយសម្តេចអគ្គមហាពញ្ញាចក្រីហេង សំរិនប្រធានរដ្ឋសភាជាតិនៅថ្ងៃទី២៦ តុលានេះ លោក Michael Tan Keng Siongបានថ្លែងថា កាលពីឆ្នាំ២០១៩ សឹង្ហបុរីវិនិយោគនៅកម្ពុជាមានទំហំទឹកប្រាក់៤,៥ពាន់លានដុល្លារអាមេរិក តែវាបានធ្លាក់ចុះទៅវិញនៅត្រីមាសដើមឆ្នាំ២០២០ ដោយសារតែវិបត្តិនៃជម្ងឺកូវីដ១៩ ដោយទុនវិនិយោគរបស់សឹង្ហបុរីនៅកម្ពុជាក្នុង ឆ្នាំ២០២០នេះមានប្រហែល២ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ដែរថា ការបោះទុនវិនិយោគរបស់សឹង្ហបុរីនៅកម្ពុជា គឺជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា បង្កើតការងារជូនពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ហើយវាក៏បានបញ្ជាក់ពីគុណតម្លៃនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរកម្ពុជា-សឹង្ហបុរី ផងដែរ។
សម្តេចបន្តថា “រដ្ឋសភាកម្ពុជាពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានារវាងរដ្ឋាភិបាលកម្ពុជា និងសឹង្ហបុរីលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា”។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានអរគុណដល់សឹង្ហបុរី ដែលបានជួយបណ្តុះ បណ្តាលរយៈពេលខ្លីដល់មន្រ្តីកម្ពុជាបានជិត១ម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមគំនិត ផ្តួចផ្តើមសមាហរណកម្មអាស៊ាន។
លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបូរី ប្រចំាកម្ពុជាដែលចប់អាណត្តិបានលើកឡើងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-សឹង្ហបុរី មានការរីកចម្រើននៅលើគ្រប់វិស័យ ទំាងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន បើទោះជា នៅឆ្នាំ២០១៩ មានការរំខានដោយសារបញ្ហាជំងឺកូវីដ១៩យ៉ាងណាក្តី។
កម្ពុជា និងសឹង្ហបុរី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ជាផ្លូវការតំាងពីឆ្នាំ ១៩៦៥ ហើយទំនាក់ទំនងមួយនេះ មានការរីកចម្រើនទៅមុខជាលំដាប់៕






