ប្រធានសមាគម CLDA អះអាងថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាចលករយ៉ាងសំខាន់ជួយជម្រុញឱ្យទីផ្សារអចលនទ្រព្យកើនឡើង

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនថាទោះជានៅតំបន់ក៏ដោយ ជាពិសេសនៅតំបន់ជាយរាជធានីភ្នំពេញ វិស័យដ្ឋារចនាសម្ព័ន្ធគឺជាចលករមួយយ៉ាងសំខាន់ក្នុងការជួយជម្រុញឱ្យទីផ្សារអចលនទ្រព្យមានតម្រូវការខ្ពស់ រួមជាមួយនឹងតម្លៃក៏ទទួលបានភាពល្អប្រសើរផងដែរ។ នេះបើតាមការអះអាងរបស់លោក ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ( CLDA ) បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះថា បញ្ហាបណ្តាញហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ និងស្ពានសម្រាប់សម្រួលដល់ចរាចរណ៍គឺជាចំណុចសំខាន់បំផុតដែលជួយធ្វើឱ្យទីផ្សារអចលនទ្រព្យមានតម្រូវការ និងសកម្មភាពក្នុងការអភិវឌ្ឍទៅលើសំណង់នានា។

លោកបានបន្តថា “នៅពេលតំបន់ណាមួយមានផ្លូវថ្នល់ល្អ ធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន វានឹងជម្រុញឱ្យមានកំណើនមនុស្សចូលទៅរស់នៅ និងប្រកបមុខរបរអាជីវកម្មផ្សេងៗដែលបង្កើតជាទីប្រជុំ រហូតអាចកើនមានជាតំបន់ពាណិជ្ជកម្មក្នុងកម្រិតណាមួយជាក់ជាមិនខាន”។

លោក ម៉ន សុខា បានមានប្រសាសន៍បញ្ជាក់ថា “នៅពេលមានតម្រូវការក្នុងការប្រើប្រាស់ដី ក៏ដូជាសម្រាប់អភិវឌ្ឍន៍សម្រាប់បម្រើផលប្រយោជន៍ដល់ផ្នែកណាមួយ តម្លៃដីធ្លីគឺនឹងកើនឡើងដោយស្វ័យប្រវត្តិ ទាស់ត្រង់ថា កើនឡើងតិច ឬច្រើនតែប៉ុណ្ណោះដែលវាអាស្រ័យទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកទិញ។ ជាក់ស្ដែងដូចជានៅតំបន់ជាយក្រុងនៃផ្លូវក្រវាត់ទី៣ គឺមានកំណើនប្រជាជនចូលតៅរស់នៅយ៉ាងច្រើន ខណៈដែលទំនោរនៃការអភិវឌ្ឍទាំងផ្នែកដីឡូតិ៍ ក៏ដូចជាផ្នែកសាងសង់សំណង់លំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម បាន និងកំពុងមានសកម្មភាពយ៉ាងមមាញឹក”។

នៅក្នុងដំណាក់កាលដែលតំបន់មួយចំនួនកំពុងរងគ្រោះដោយការជន់លិចនៅពេលនេះ សកម្មភាពនៃការទិញ-លក់ ក៏ដូចជាការសាងសង់មួយចំនួនត្រូវបានអាកខាន ប៉ុន្តែបន្ទាប់ពីឆ្លងផុតការលិចលង់នេះ សកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យដែលផ្តោតសំខាន់ទៅលើផ្នែកដីធ្លី និងលំនៅដ្ឋាននឹងចាប់ផ្តើមបន្តសកម្មភាពឡើងវិញជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here